(ភ្នំពេញ)៖ លោក គីម វុនជិន (Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េដែលចប់អាណត្តិនៅថ្ងៃនេះ បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកធ្វើជាអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានមើលឃើញពីភាពរីកចម្រើននៅប្រទេសកម្ពុជាយ៉ាងខ្លាំង លើគ្រប់វិស័យក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក គីម វុនជិន បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកត្រូវចប់អាណត្តិ ក្នុងការបំពេញការងារការទូតនៅក្នុងប្រទេសកម្ពុជា។ នេះបើតាម សុខ សុរ័ត្នវឌ្ឍនៈ ការជំនួយការលោកឧបនាយករដ្ឋមន្រ្តី ដែលបានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កិច្ចពិភាក្សា។

លោក គីម វុនជិន បានបន្តថា នៅឆ្នាំក្រោយ រដ្ឋាភិបាលកូរ៉េ នឹងបន្ថែមចំនួនពលករកម្ពុជា ដែលបានចុះហត្ថលេខារួចហើយ រវាងរដ្ឋាភិបាល ប្រទេសទាំងពីរសម្រាប់ឆ្នាំ២០១៨។ ដោយបន្ថែមវគ្គបណ្តុះបណ្តាលដល់និស្សិត មន្ត្រីរាជការលើជំនាញបច្ចេកទេសផ្សេងៗថែមទៀត។ លោកបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្តានុពលរបស់កម្ពុជា។ ប្រជាជនកូរ៉េខាងត្បូង បានស្ថិតនៅក្នុងចំនួនភាគច្រើន នៃអ្នកទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា ហើយកូរ៉េបានបង្កើត អគ្គកុងស៊ុលរបស់ខ្លួន នៅទីក្រុងសៀមរាបរួចហើយ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូត ឡើងវិញ រវាងប្រទេសកម្ពុជា-កូរ៉េ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទំាងវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍ បានប្រែក្លាយទៅជាទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលបង្កើតបានជា សមិទ្ធផលជាក់ស្តែងយ៉ាងច្រើន ដើម្បីឧត្តមប្រយោជន៍ជាតិទំាងសង្ខាង ជាពិសេសបានរួមចំណែកដល់​ការអភិវឌ្ឍរបស់កម្ពុជា៕