(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាង​​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ និងគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ ជូនបណ្តាអង្គការក្រៅរដ្ឋាភិបាល ដែលបានសហការល្អ ជាមួយកងកម្លាំងនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស នាពេលកន្លងមក។

​នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការដៃគូរទាំងអស់ដែលជានិច្ចកាល តែងតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីកម្មផ្លូវភេទលើស្រ្តី និងកុមារ ទាំងការងារស៊ើបអង្កេត និងជួយសង្រ្គោះជនរងគ្រោះ ក៏ដូចជាការងារពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌នៅនាយកដ្ឋាន និងតាមបណ្តារាជធានី-ខេត្ត។

​នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជាបទល្មើសសកលមានលក្ខណៈស្មុគស្មាញ ដែលចាំបាច់រួមគ្នាប្រយុទ្ធ និងបទល្មើសទាំងនេះ ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្រ្កាបបានចំនួន ១៥១/៧៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៨៧នាក់ (ស្រី៥៧នាក់) សង្រ្គោះជនរងគ្រោះបាន ២៩៦នាក់ ក្នុងនោះ​អំពើជួញដូរមនុស្ស ៤៣/២៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៥នាក់ (ស្រី៣៣នាក់) សង្រ្គោះជនរងគ្រោះបាន ៨៥នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១០៨/៥២នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ១២២នាក់ (ស្រី២៤នាក់) សង្រ្គោះជនរងគ្រោះបាន ២១១នាក់។ ផ្អែកលើលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងអស់នេះធ្វើឲ្យប្រទេសកម្ពុជាបានទទួលស្គាល់ជាអន្តរជាតិលើចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះដែរ ​នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទាំងអស់ ដែលមានវត្តមាននៅពេលនេះ ដែលកន្លងមកបានសហការល្អ ក្នុងការស្រាវជ្រាវស៊ើមអង្កេតបទល្មើសពាក់ព័ន្ធ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ដែលទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ក៏ដូចជាសហការល្អ ជាមួយអង្គការដៃគូរទាំងនគរបាលជាតិ​ក៏ត្រូវមានបញ្ហាជាច្រើនទៀត ដែលត្រួរួមគ្នាប្រយុទ្ធប្រឆាំងបន្ថែមទៀត ដូចជា​បទល្មើសជួញដូរមនុស្សឆ្លងដែន អាជីវកម្មផ្លូវភេទលើអនីតិជន និងការបំពានផ្លូវភេទលើកុមារជាដើម​៕