(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេច​តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ​មានដូចជាថ្នាំពេទ្យ ស៊ីម៉ង១២តោន និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ៤៥០នាក់ នៅក្នុងបរិវេណវត្តបឹងទីង ស្ថិតក្នុងភូមិបឹងទីង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។

លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យ​ប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

បន្ថែមពីនេះ លោកបានណែនាំដល់ក្រុមការងាររួមមាន​៖ ទី១៖ប្រធានក្រុមប្រឹក្សាឃុំត្រូវរៀបចំ ការប្រជុំប្រចាំខែដោយផ្តោតទៅលើប្រជាជនក្រីក្រ ត្រូវធានាឲ្យបានថា មិនឲ្យប្រជាជនណាលំបាក ឬដាច់បាយស្លាប់ក្នុងភូមិរបស់ខ្លួន, ទី២៖ក្រុមប្រឹក្សាឃុំត្រូវចុះដល់គ្រួសារក្រីក្រ ដែលមានភាពលំបាកនៅតាមភូមិនីមួយៗ ដូចជាចូលរួមបុណ្យសព​អាពាហ៍ពិពាហ៍ ជួយដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋដែលបានជួបប្រទះ ដោយគ្រោះថ្នាក់ចៃដន្យត្រូវការសង្រ្គោះបន្ទាន់ ឬស្រ្តីឆ្លងទន្លេ, ទី៣៖ក្រុមប្រឹក្សាឃុំត្រូវមានទំនាក់ទំនងល្អ ជាមួយវត្តអារាម, ទី៤៖ក្រុមប្រឹក្សាឃុំត្រូវលះបង់អាប្បកិរិយាឆ្មើងឆ្មៃ លះបង់ការប្រកាន់ឬកពារជាអ្នកធំ ដែលជាមូលហេតុធ្វើឲ្យប្រជាជនការអាក់អន់ចិត្ត ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេល និងមិនរើសអើង និងទី​៥៖ក្រុមប្រឹក្សាឃុំត្រូវខិតខំបណ្តុះបណ្តាល មន្រ្តីក្នុងសាលាឃុំ ត្រូវគ្រូបង្រៀនជាទីប្រឹក្សាប្រចាំ។

លោក ឡូវ ហ៊ឹង បានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវរក្សាឲ្យបាន នូវសាមគ្គីភាពដែលជាកក្តាកំណត់នូវជោគជ័យ នៅក្នុងការកសាងនិងអភិវឌ្ឍន៍ភូមិ ឃុំ មានសុវត្ថិភាព និងប្រាប់ឲ្យ​​ប្រជាពលរដ្ឋកុំយល់ច្រឡំ និងកុំចាញ់បោកការញ៉ោះញ៉ង់ ភូតភរកុហកបោកប្រាស់របស់ជនអគតិមួយចំនួន។

អំណោយរបស់ លោក ហ៊ុន ម៉ាណែត បានដល់ប្រជាពលរដ្ឋប្រមាណ៤៥០នាក់ រួមមាន ថ្នាំពេទ្យចំនួន៣កញ្ចប់ និងថវិកា៥០០០រៀល, ឧបត្ថម្ភកម្មវិធី១០០ដុល្លារ, ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ១០០ដុល្លារ, ឧបត្ថម្ភគ្រួសារមានជំងឺ០២គ្រួសារថវិកា២០ម៉ឺនរៀល, ឧបត្ថម្ភជនពិការ០៣នាក់ ១២ម៉ឺនរៀល, ឧបត្ថម្ភសង្ក័សី២៥សន្លឹកដល់គ្រួសារក្រីក្រ។

​បន្ទាប់មក លោក ឡូវ ហ៊ឹង និងប្រតិភូរួមដំណើរ ព្រមទាំងមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្ត គណៈកម្មកាអាចារ្យវត្ត លោកតា លោកយាយ និង​ពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កុដ្ឋ០១ខ្នង ទំហំ៩គុណ១១ម៉ែត្រ និងផ្ដល់ជូនអំណោយជាស៊ីម៉ង់១០តោន សម្រាប់ការសាងសង់កុដ្ឋនេះ និង​២តោនទៀតឧបត្ថម្ភទៅ​សាលាបឋមសិក្សាបឹងទីង៕