(តាកែវ)៖ ស្ថានីយ៍ប្រេងសាំង «១មករា» របស់លោក អ៊ុង ជាកុក អនុប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលស្ថានីយ៍ប្រេង សាំងនេះ បានដេញថ្លៃធ្វើការផ្គត់ផ្គង់ឲ្យមន្ទីរអង្គភាពជុំវិញខេត្តតាកែវ ដុះស្លែជាយូរយាណាស់មកហើយនោះ ត្រូវបានត្រួតពិនិត្យដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុង ធ្វើការពិសោធន៍ដោយរកឃើញថា ស្ថានីយ៍ប្រេងសាំងនេះ លក់មិនគ្រប់ចំណុះលីត្រនោះទេ។

នៅក្នុងការចុះត្រួតពិនិត្យ និងពិសោធន៍ នៅស្ថានីយ៍ប្រេងសាំងរបស់លោក អ៊ុង ជាកុក ដោយរថយន្តពិសោធន៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងចំណុះសាំង១០ លីត្រ លទ្ធផលបានបង្ហាញថា មានសាំងតែ៩,២០ តែប៉ុណ្ណោះ ពោលក្នុងចំណុះសាំង១០លីត្រ ស្ថានីយ៍ប្រេងសាំងលោក អ៊ុង ជាកុក លួចបានជិត១លីត្រ។ ហើយនៅពេលដែលមន្រ្តី កាំកុងត្រូលកំពុងតែត្រួតពិនិត្យគេឃើញ លោក អ៊ុង ជាកុក បានទៅលួចស៊ីរ៉េកុងទ័រដៃបាញ់ប្រេងឲ្យគ្រប់ចំណុះលីត្រវិញ តែត្រូវបានមន្រ្តីកាំកុងត្រូល ឃើញហើយណែនាំលោកកុំឲ្យធ្វើបែបនេះ។

លោក ប៉ោង លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានរកឃើញស្ថានីយ៍ប្រេងសាំង «១មករា» និងប្រេងសាំងមួយចំនួនទៀត លក់មិនគ្រប់ចំណុះ លីត្រ មន្រ្តីរបស់លោកបានឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំងទាំងអស់នោះ ធ្វើកិច្ចសន្យាកែប្រែមកលក់ឲ្យគ្រប់ចំណុះលីត្រវិញ ហើយពាក់ព័ន្ធទៅនឹងស្ថានីយ៍ប្រេងសាំងជាច្រើននៅក្នុងខេត្ត លក់មិនគ្រប់ចំណុះលីត្រនេះ លោកក៏បានធ្វើរបាយការណ៍ជម្រាបជូនលោកអភិបាលខេត្តតាកែវផងដែរ ដើម្បីមានចំណាត់ការផ្សេងៗ ទៅលើម្ចាស់ស្ថានីយ៍ប្រេងទាំងអស់នោះ។

ពាក់ព័ន្ធទៅនឹងការរកឃើញសាំងលក់ឲ្យអតិថិជនមិនគ្រប់ចំណុះលីត្រនេះ លោក អ៊ុង ជាកុក ម្ចាស់ស្ថានីយ៍ប្រេងសាំង «១មករា» និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ បានថ្លែងថា លោកនឹងធ្វើការកែតម្រូវឡើងវិញ ស្របទៅតាមការណែនាំរបស់មន្រ្តីជំនាញ ព្រោះបើលោកមិនកែប្រែនោះទេ វាអាចនិងធ្វើឲ្យបាត់បង់អតិថិជនជាក់ជាពុំខាន។

គួសបញ្ជាក់ថា ស្ថានីយ៍ប្រេងសាំង «១មករា» របស់លោក អ៊ុង ជាកុក ដែលដេញថ្លៃផ្គត់ផ្គង់តាមមន្ទីរ អង្គភាពរបស់រដ្ឋបាលខេត្តតាកែវ ដែលក្នុងមួយឆ្នាំៗ មានទំហ៊ំទឹកប្រាក់រាប់សិប លានដុល្លារនោះ បានធ្វើការផ្គត់ផ្គង់ ដល់មន្ទីអង្គភាពខេត្តតាកែវរាប់សិបឆ្នាំមកហើយ។ ហើយការដេញថ្លៃនេះ គឺស្ថិតក្នុងភាពអាថ៌កំបាំងគ្មានអ្នកណាដឹងក្រៅពីថ្នាក់ដឹកនាំខេត្ត។

កន្លងមកមន្រ្តីរាជការជាច្រើន ដែលមានរបបសាំង ហើយត្រូវចាក់នៅស្ថានីយ៍ប្រេងសាំង «១មករា» នេះ បាននាំគ្នារិះគន់ថា សាំងនេះគ្មានគុណភាព ព្រោះលួចនាំចូលពី ប្រទេសវៀតណាម ហើយចំណុះលីត្រ ថែមទាំងមិនគ្រប់ទៀតផង ក៏ប៉ុន្តែការរិះគន់នេះ មិនត្រូវបានយកចិត្តទុកដាក់ឲ្យអាជ្ញាធខេត្តនោះទេ៕