(បន្ទាយមានជ័យ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងសម្ដេចក្រឡាហោម ស ខេង និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសដាក់លោក ង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងប៉ោយប៉ែត ចូលកាន់តំណែងអភិបាលរងខេត្តបន្ទាយមានជ័យជាផ្លូវការ ជំនួសលោកស្រី ចាន់ ថេង ដែលត្រូវផ្លាស់ប្តូរទៅក្រសួងមហាផ្ទៃ។ ដោយឡែកសម្រាប់តំណែងអភិបាលក្រុងប៉ោយប៉ែតថ្មី ត្រូវបានប្រគល់ជូនលោក សាន ស៊ានហូ អតីតអភិបាលស្រុកអូរជ្រៅ។

ពិធីប្រកាសនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតុលាការ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខេត្ត អធិការនគរបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ជុំវិញខេត្តជាង៣០០នាក់។

លោក ង៉ោ ម៉េងជ្រួន បានប្តេជ្ញាចិត្តគោរព និងការពារដាច់ខាតនូវបាវចនាជាតិ «ជាតិ សាសនា ព្រះមហាក្សត្រ» គោរពការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើរតាមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ស្របតាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ដែលបានរួបរួមសាមគ្គីសហការយ៉ាងសកម្មក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍក្នុងខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសការខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនៅទីប្រជុំជន និងជនបទ កែលម្អសោភ័ណភាព ជាក់ស្ដែងអគារ សាលប្រជុំរបស់រដ្ឋបាលខេត្ត។

លោកបានណែនាំ និងជំរុញឲ្យរដ្ឋបាលខេត្តខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងតាមដានបង្ការ និងទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពជាងមុន៕