(តាកែវ)៖ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងថ្មីទាំងចាស់ ប្រចាំស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រកាសប្ដេជ្ញារួបរួមគ្នាសាមគ្គីផ្ទៃក្នុង បំពេញភារកិច្ចជូនបក្សឲ្យបានល្អ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានដិតដល់ ដើម្បីឈានទៅដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

ការប្រកាសប្ដេជ្ញាពីនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាជិកគណបក្សថ្មី មកពីអតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន១៨នាក់ ក្រោមអធិបតីភាពលោក ប៉ុក ប៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស តំណាងលោក ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ម៉ែន សែស អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស តំណាងលោក យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅការិយាល័យគណៈកម្មាធិការបក្សស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ លោក លោកស្រីក្នុងគណៈអចិន្រ្តៃយ៍បក្សស្រុក លោកប្រធាន-អនុប្រធានគណៈកម្មាធិការបក្សគ្រប់ឃុំសរុប ៥០នាក់។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យុវជនម្នាក់តំណាងឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ១៨នាក់ បានឲ្យដឹងក្រោយទទួលបានព័ត៌មានរបស់ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជាបើកឲ្យចុះចូល និងរួមរស់ជាមួយបក្សបានទើបលោកសម្រេច និងពេញចិត្តចុះចូលដោយគ្មានការបង្ខិតបង្ខំ។ យុវជនរូបនេះប្តេជ្ញាថា នឹងចូលរួមបំពេញការងារនៅក្នុងមូលដ្ឋានឲ្យបានល្អ និងប្តេជ្ញាសាមគ្គីភាពជាមួយគណបក្សប្រជាជនជាដើម។

គណៈអធិបតីបានអបអរសាទរចំពោះវត្តមានរបស់អតីតសមាជិកា-សមាជិកគណបក្សសង្រ្គោះជាតិ ដែលបានស្ម័គ្រចិត្តចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានបញ្ជាក់ពីមូលហេតុ ដែលតុលាការកំពូលអនុវត្តច្បាប់រំលាយគណបក្សសង្រ្គោះជាតិ ដោយសារលោក កឹម សុខា ប្រធានគណបក្ស ឃុបឃិតជាមួយបរទេសមានគោលបំណងផ្តួលរំលំរារដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តពណ៌។

ជាមួយគ្នានោះ សមាជិកា-សមាជិកថ្មីរួបរួមសាមគ្គីគ្នាផ្ទៃក្នុង បំពេញភារកិច្ចបក្សឲ្យបានល្អ ដើម្បីឈានទៅទទួលជ័យជំនះក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ៕