(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ចាប់តាំងពីដើមសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ប្រជាសហគមន៍លក់ស្រូវតាមកិច្ចសន្យាជូនក្រុមហ៊ុនបាន៥០០០តោន ស្មើនឹង២០% លើកម្រោងសរុប២៧០០០តោន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន គ្រោងនឹងរៀបចំខេត្តព្រះវិហារ ទៅជាខេត្តផលិតផលកសិកម្មសរីរាង្គសម្រាប់នាំចេញទីផ្សារអឺរ៉ុបទៀតផង។

លោក ពឹង ទ្រីដា បានបន្តថា នៅក្នុងឆ្នាំ២០១៧នេះ នៅក្នុងខេត្តព្រះវិហារ មានក្រុមហ៊ុន៣ បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ក្នុងនោះមាន ក្រុមហ៊ុនទី១៖ Agro Angkor Infer trade ទី២៖ Amru Rice និងទី៣៖ Sigafure of Asia។ ក្រុមហ៊ុនទាំង៣នេះ បានចុះកិច្ចសន្យាទិញស្រូវពីប្រជាសហគមន៍សរុប២៧០០០តោន។ ចំពោះសហគមន៍ដែលចុះកិច្ចសន្យាមានចំនួន៣២សហគមន៍ មានកសិករសរុប៥១៣៤គ្រួសារ បានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុនតាមសហគមន៍របស់ពួកគេ។

លោក ពឹង ទ្រីដា បានបន្តយ៉ាងដូច្នេះថា «តម្លៃស្រូវឆ្នាំនេះប្រហាក់ប្រហែលឆ្នាំ២០១៦កន្លងទៅ គឺស្រូវសពូជល្អក្នុងស្រុកដូចជានាងអុក នាងអំ ស្រូវត្នោត....មានតម្លៃពី១០០០រៀលទៅ១១២០រៀល ក្នុងមួយគីឡូក្រាម ចំពោះស្រូវក្រអូប ផ្ការំដួលតម្លៃពី១២០០រៀល ទៅ១៤៧០រៀល ក្នុងមួយគីឡូក្រាម ចំពោះការប្រែប្រួលនៃតម្លៃស្រូវ គឺស្ថិតនៅលើភាពសុទ្ធភាពបាក់ និងសំណើម។ ដោយមានអំណោយផលពីធម្មជាតិទឹកភ្លៀងធ្លាក់ ស្មើល្អក្នុងឆ្នាំនេះ ធ្វើឲ្យទិន្នផលស្រូវមានការកើនឡើងប្រមាណ១៥០គីឡូក្រាម ក្នុងមួយហិកតា បើប្រៀបធៀបនិងឆ្នាំ២០១៦កន្លងមក»

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានធ្វើការសំណូមពរផងដែរ ឲ្យប្រជាកសិករដែលមិនទាន់ចុះឈ្មោះចូលជាសមាជិកសហគមន៍ សូមមេត្តាចុះឈ្មោះនៅក្នុងឆ្នាំ២០១៨ខាងមុខ ពេលសហគមន៍បើកមហាសន្និបាតប្រចាំឆ្នាំ ដើម្បីលក់ស្រូវតាមរយះសហគមន៍ ដើម្បីបានទទួលបានតម្លៃបន្ថែមលើសឈ្មួញកណ្តាលពី១០០រៀល ទៅ៤០០រៀល ក្នុងមួយគីឡូក្រាម។

ពិសេសជាងនេះទៅទៀត ធានាបានតម្លៃស្រូវខ្ពស់ថ្លឹងត្រឹមត្រូវល្អ មិនមានក្តីបារម្ភពីបញ្ហាទីផ្សារកសិផលស្រូវទៀតឡើយ ព្រោះស្រូវនេះមាន ទីផ្សារនៅអឺរ៉ុប និងនៅអាមេរិកដែលជាទីផ្សារធំរង់ចាំ ទទួលទិញស្រូវសរីរសង្គពីខេត្តព្រះវិហារ ហើយបើតាមការណែនាំរបស់លោក វេង សាខុន គឺចង់រៀបចំខេត្តព្រះវិហារ ឲ្យទៅជាខេត្តផលិតផលកសិកម្ម សរីរាង្គសម្រាប់ទីផ្សារអឺរ៉ុប ជាពិសេសដំណាំស្រូវ៕