(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះកិច្ចពិធីក្នុងខេត្ដសៀមរាបថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរៀបចំពិធីបួងសួងជាផ្លូវការដើម្បីសុំពរជ័យសិរីមង្គល សេចក្ដីសុខចម្រើនពីទេពនិងបុព្វការីជន ជូនផែនដីខ្មែរយើងនេះ គឺជាការបង្ហាញអំពីប្រពៃណីយ៉ាងថ្កុំថ្កើងរបស់ខ្មែរយើងតំាងពីបរមបុរាណ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។

ជាក់ស្ដែងចំពោះប្រពៃណីនេះយើងឃើញច្បាស់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គឺបន្ទាប់ពីទ្រង់បានរំដោះប្រទេសចេញពីនឹមត្រួតត្រាជ្វា ហើយបង្រួបបង្រួមប្រទេស រវាងអតីតចេនទ្បាទំាងពីរឲ្យមានឯកភាពគ្នាទ្បើងវិញ ដោយទ្រង់ធ្វើពិធីរាជាអភិសេកយ៉ាងមហោទ្បារិកលើភ្នំមហេន្រ្ទបព៌ត(ភ្នំគូលេន) ដែលហៅថា «ពិធីលិង្គទេវរាជ»។ ដោយក្នុងនោះព្រះអង្គក៏បានប្រកាសជាទស្សនវិជ្ជានយោបាយថា «កម្រតេងអញ ជគត តរាជ» មានន័យថា «អញជាស្ដេចចក្រវាទ្ប ប្រទេសរបស់អញមិនស្ថិតក្រោមការគ្រប់គ្រងនរណាទំាងអស់»

នេះជាទ្រឹស្ដីទស្សនវិជ្ជាអារ្យធម៌អង្គរដំបូងបំផុត ដោយឈរលើទស្សនវិស័យនយោបាយ និងសាសនា ហើយទាត់ចោលនឹមត្រួតត្រាជ្វាទំាងស្រុង ក្នុងព្រះនាមព្រះអង្គ ជាស្ដេចអទិទេពតំណាងឲ្យការគ្រប់គ្រងចក្រវាទ្ប ។

លោក រត្ន័ សណ្ដាប់ បន្ដថា ដោយផ្ដើមចេញពីទស្សនវិជ្ជាដ៏ល្អប្រពៃនេះ ទ្រឹស្ដីនេះក៏បានក្លាយជាមាគ៌ានយោបាយក្នុងការគ្រប់គ្រងរដ្ឋ ដែលព្រះរាជាក្រោយៗក្នុងសម័យអង្គរ បានយកធ្វើជាត្រីវិស័យ រហូតធ្វើឲ្យខ្មែរក្លាយជាចក្រភពអង្គរដ៏រុងរឿងបំផុតនៅអាស៊ីអាគ្នេយ៍ ដូចជាព្រះបាទជ័យវរ្ម័នទី៧ជាដើម ដែលពិភពលោកគោរពកោតក្រែង ដល់សព្វថ្ងៃនេះ គឺទ្រង់មិនត្រឹមតែដឹងគុណដល់ទេពប៉ុណ្ណោះទេ ថែមទំាងដឹងគុណដល់បុព្វការីជន ដែលមានគុណបំណាច់ជាតិ មាតុភូមិផងដែរ។ ពោលគឺក្រោយ ពេលប្រទេសបញ្ចប់សង្រ្គាម និងទទួលបាន «សន្ដិភាព» គឺទ្រង់បានបន្ដតាមទំនៀមក្សត្រមុនៗ ដោយទ្រង់កសាងប្រាសាទតាព្រហ្ម សម្រាប់ឧទ្ទិសព្រះមាតា ប្រាសាទព្រះខ័ន សម្រាប់ឧទ្ទិសព្រះបិតា ប្រាសាទបន្ទាយឆ្មា សម្រាប់ឧទ្ទិសវីរជន និងប្រាសាទបាយ័ន្ដ សម្រាប់ព្រះអង្គផ្ទាល់។

ដោយហេតុនេះប្រពៃណីដឹងគុណ ជាប្រព័ន្ធជំនឿខ្មែរដ៏រឹងមំាបំផុតដែលកុលបុត្រខ្មែរបានប្រតិបត្ដិតំាងពីបរមបុរាណ រហូតដល់បច្ចុប្បន្ន គឺមិនថាពិធីផ្លូវការ ឬមិនផ្លូវនោះទេ សូម្បីតែការរស់នៅប្រចំាថ្ងៃរបស់បងប្អូនខ្មែរយើង ក៏ដូច្នេះដែរ គឺបើគេមានមន្ទិលអ្វីមួយ គេតែងទៅបន់ស្រន់ដល់ទេព ឬបុព្វការីជនដើម្បីឲ្យជួយថែរក្សាខ្លួន និងក្រុមគ្រួសារខ្លួនផងដែរ។ នេះទស្សនវិជា្ជខ្មែរដ៏ប្រពៃបំផុតក្នុងន័យ «ផ្សារភ្ជាប់អតីត បច្ចុប្បន្ន អនាគត រវាងវប្បធម៌អរូបី និងវប្បធម៌រូបី គឺរវាងជំនឿសាសនា និងប្រាសាទ កុំឲ្យភ្លេចជាតិ»នេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ដោយឈរលើមូលដ្ឋាននេះ ចំពោះការដែលរាជរដ្ឋាភិបាលរៀបចំពិធីបួងសួងសុំពរជ័យសិរីមង្គល វិបុលសុខពីទេវតា និងបុព្វការីជន ដើម្បីសេចក្ដីសុខចម្រើនជូនផែនដីខ្មែរយើងនេះ គឺពិតជាបង្កប់នូវឧត្ដមគតិដ៏ជ្រោលជ្រៅបំផុត ក្នុងការដឹងគុណបុព្វការីជន ដែលអ្នកវិភាគផ្សេងៗតែងមើលរំលង ព្រោះថានេះជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរគ្រប់រូប ដែលមានតំាងពីអតីត ក៏ដូចបច្ចុប្បន្ន ហើយនេះក៏មិនមែនជារឿងតូចតាចនោះទេ ផ្ទុយទៅវិញគឺជាការបង្ហាញ អំពីឥរិយាបថគុណធម៌ សីលធម៌យ៉ាងធំធេងបំផុតក្នុងសង្គមខ្មែរផងដែរ។

ដោយហេតុថា បើយើងនិយាយអំពីកត្ដាដែលធ្វើឲ្យខ្មែរយើងចុះខ្សោយ តំាងពីការធ្លាក់ចុះអារ្យធម៌អង្គរ រហូតមកដល់សព្វថ្ងៃ គឺបណ្ដាមកពីបញ្ហាប្រឈមនឹង ឥរិយាបថសីលធម៌ខ្មែរនេះឯង។ ស្ថិតត្រង់ចំណុចនេះហើយ ដែលរាជរដ្ឋាភិបាលមើលឃើញយ៉ាងច្បាស់ អំពីឥរិយាបថសីលធម៌ខ្មែរដាច់ចេញជាពីរ ជាអាទិ៍៖ ម្ខាងប្រកាន់ឥរិយាបថសីលធម៌ខ្មែរនិយម ដោយឈរលើគោលការណ៍គោរពបុព្វបុរសខ្លួន រីឯម្ខាងទៀត ប្រកាន់ឥរិយាបថសីលធម៌បរទេសនិយម ដោយឈរលើគោលការណ៍គោរពបរទេសជាចៅហ្វាយខ្លួន ដូចយើងឃើញរដ្ឋាភិបាលបានកំទេចចលនាបដិវត្ដពណ៌ សព្វថ្ងៃជាភស្ដុតាង។

បើដូច្នេះ ចំពោះគំនិតនេះបើខ្មែរទំាងអស់ ងាកមករួមគំនិតគ្នាលើទស្សនវិជ្ជាសីលធម៌ខ្មែរតែមួយ ហើយនំាគ្នាគោរពនិងលើកតម្កើងបុព្វបុរសខ្លួន ឲ្យដូចសម័យអង្គរដោយមានពិធីបួងសួងនេះជាសាក្សី គឺប្រាដកណាស់! ប្រទេសខ្មែរ និងក្លាយជាចក្រភពនៅអាស៊ីអាគ្នេយ៏ជាថ្មីម្ដងទៀតជាពុំខាន៕