(ភ្នំពេញ)៖ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជាហើយ នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។

ខណៈដែលមកដល់ព្រលានយន្តហោះនៃរាជធានីរបស់កម្ពុជា លោកស្រី សេក្ខ ហាស៊ីណា ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយមន្រ្តីជាន់ខ្ពស់កម្ពុជានោះគឺ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាច្រើនទៀត។

តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចនាយករដ្ឋន្រ្តីបង់ក្លាដេសនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់០៥ ខែធ្នូ ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី សេក្ខ ហាស៊ីណា នឹងចូលគ្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយ​នឹងមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

កម្មវិធីលម្អិតនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបង់ក្លាដេស រួមមានដូចតទៅ៖

កម្មវិធីសម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧

* ម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ៖ លោកស្រីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនឹងអញ្ជើញទៅសម្រាកនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោយទទួលបដិសណ្ឋារកិច្ចដោយមន្រ្តីកម្ពុជា
* ម៉ោង ៣៖៣០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពាក់កម្រងផ្កា នៅវិមានឯករាជ្យ
* ម៉ោង ៣៖៥០នាទីរសៀល៖ លោកស្រីអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ត ព្រះបរមរតនៈកោដ
* ម៉ោង ៤៖០០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី អញ្ជើញទៅទស្សនកិច្ចនៅសារៈមន្ទីរប្រវត្តិសាស្រ្តទួលស្លែង
* ម៉ោង ៤៖៥០នាទីរសៀល៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ត្រឡប់ទៅដល់សណ្ឋាគារវិញ ហើយទទួលទានអាហារពេលល្ងាចជាមួយមន្រ្តីស្ថានទូតបង់ក្លាដេស នៅក្នុងសណ្ឋាគារតែម្តង។

កម្មវិធីសម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧

* ម៉ោង ០៨៖៣០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលជួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន
* ម៉ោង ១១៖០០នាទីព្រឹក ៖ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកស្រី​នាយករដ្ឋមន្រ្តី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕