(ព្រះសីហនុ)៖ លោក ឆាង អ៊ីវ៉ូ គណៈពង្រឹងឃុំជើងគោ និងជាប្រធានក្រុមការងារចុះជួយភូមិចំការកៅស៊ូ បានលើកឡើងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា កំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ឆាង អ៊ីវ៉ូ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន ប្រមាណ៥៤៤នាក់ នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ ។

លោក ឆាង អ៊ីវ៉ូ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋភូមិចំការកៅស៊ូ និងសមាជិក សមាជិការទាំងអស់ ដែលជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំ ហើយក៏សំណូមពរជាថ្មីទៅប្រជាពលរដ្ឋបន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ខាងមុខ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងជាងនេះទៅទៀត។

នៅក្នុងឱកាសនោះ គណៈពង្រឹងឃុំជើងគោ ក៏បានជូនថវិកា ១,៥០០,០០០រៀល សម្រាប់ក្រុមកីឡាទិញសម្ភារ, ៤០ម៉ឺនរៀល សម្រាប់ប្រធានបក្សឃុំជើងគោ, ៨០ម៉ឺនរៀល សម្រាប់មេភូមិចំនួន៤ភូមិ, ៤០ម៉ឺនរៀល សម្រាប់នគរបាលប៉ុស្តិ៍ និងចរាចរណ៍, ៣០ម៉ឺនរៀល សម្រាប់គណៈចាត់តាំងកម្មវិធី, ១,៥០០,០០០រៀល សម្រាប់ថ្លៃរោងកម្មវិធី, ២,២៥០ដុល្លារអាមេរិក តាមសំណូមពរ ប្រជាពលរដ្ឋសម្រាប់ស្ថាបនាផ្លូវចំនួន៣ខ្សែ និងបានចែកអំណោយមួយចំនួនជូនដល់សមាជិកសមាជិការចំនួន៥៤៤នាក់ ដែលបានអញ្ចើញ ចូលរួមក្នុងពិធីនេះក្នុងម្នាក់ៗនូវមី០១កេះ អង្ករ១បាវ សារុង០១ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕