(កំពត)៖ យុវតី គ-ថ្លង់ម្នាក់ ត្រូវបានក្មេងជំទង់ម្នាក់ទៀត កាប់ចំនួន៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ ខណៈសមត្ថកិច្ចមិនទាន់ដឹងមូលហេតុ នៃអំពើហិង្សានេះនៅឡើយទេ។

បើតាមនគរបាលជំនាញស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះជានារី គ-ថ្លង់ មានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ និងជនដៃដល់មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ។ ពួកគេទាំង២នាក់នេះ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

មន្ដ្រីនគរបាលបានបន្តថា ជនដៃដល់បានប្រើកាំបិតលៀម កាប់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត ត្រូវកញ្ចឹងកខាងឆ្វេង ២កន្លែង និងចំភ្លៅ១កន្លែង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយធ្វើសកម្មភាពហើយ ជនដៃដល់ បានរត់ឡើងភ្នំនាងសេដាអោន គេចខ្លួនបាត់។ ចំពោះជនរងគ្រោះវិញ ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននឹងកំពុងដុតដៃដុតជើង តាមប្រមាញ់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕