(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ដើម្បីជួយលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពិសេសលោកគ្រូ អ្នកគ្រូ ដែលមានសន្ទុះចាប់ពី១៩០០រៀល រហូតដល់២១៣០រៀលឯណោះ។

លោក ជា ពិសី បានថ្លែងបន្តថា ការចែករំលែកភាពរីករាយ ជូនដល់មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដំឡើងប្រាក់បំណាច់មុខងារ បន្ថែមលើប្រាក់បៀវត្សរ៍គោលផងដែរ ហើយចំពោះគ្រូបង្រៀនបន្ទាប់ពីបន្ថែមប្រាក់បំណាច់មុខងារ លើប្រាក់បៀវត្សរ៍គោល ធ្វើឲ្យគ្រូបង្រៀនកម្រិតទាបបំផុត មានប្រាក់ខែ៩៥៣,៥០០រៀល និងខ្ពស់បំផុតចំនួន២,២៦៥,០០០រៀល ដោយប្រាក់ខែនេះមិនទាន់បូក បញ្ចូលប្រាក់វិភាជន៍គ្រួសារ «ប្រសិនបើកគ្រូបង្រៀនមានប្រពន្ធ-កូន» និងប្រាក់តំបន់សម្រាប់វិស័យអប់រំ នៅឡើយនោះទេ។ ប្រសិនបើបូកបញ្ចូលប្រាក់ទាំង២មុខនេះទៀត ច្បាស់ណាស់គ្រូបង្រៀន នឹងអាចឡើងប្រាក់ខែ ដល់១លានរៀលហើយ។

ការថ្លែងបញ្ជាក់ពីអត្ថប្រយោជន៍នៃបៀវត្សរ៍ ដែលមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូទទួលបានយ៉ាងច្រើនយ៉ាងដូច្នេះ របស់ លោក ជា ពិសី បានធ្វើឡើងក្នុងកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខ ដោយនាំយកថវិកា គ្រឿងសម្ភារៈសំណង់ មកឧបត្ថម្ភ ដើម្បីដោះស្រាយសំណូមពរជូនដល់លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ច្រាំងចំរេះ ស្ថិតក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ ក៏បាននាំយកអំណោយមួយចំនួនដូចជា ថវិកា៤៥០ដុល្លារ និង៣០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់ក្រុមយុវជន «ក១២» និងឧបត្ថម្ភជូនលោកនាយកសាលា ៤០,០០០រៀល លោកនាយករង៣នាក់៩០,០០០រៀល លោកគ្រូ អ្នកគ្រូ៣១នាក់៦២០,០០០រៀល សរុបថវិកា៧៥០,០០០រៀល និងអាវយឺតចំនួន៣៥អាវ ក្នុងនោះក៏មានការឧបត្ថម្ភជាឥដ្ឋការ៉ូ ១៤១,៣៣ ម៉ែត្រការ៉េ និងស៉ីម៉ង់ត៌ចំនួន៥តោន ពីលោកស្រី ប៊ុន រ៉ាឌី និងក្រុមហ៊ុនសំណង់ PG Dream ផងដែរ។

លោកអភិបាលខណ្ឌបន្តថា ផលប្រយោជន៍ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែលនឹងទទួលបាន រួមមានទី១៖ ការបញ្ជុះអត្រាការប្រាក់ សម្រាប់ប្រាក់កម្ចី ដែលសម្តេចតេជោ អះអាងថា ពីចំនួនលើសពី២៥% ក្នុង១ឆ្នាំ មកនូវត្រឹម១៨%ក្នុង១ឆ្នាំ ទី២៖ ការបញ្ជុះតម្លៃអគ្គិសនី ទី៣៖ ការបញ្ជុះតម្លៃទឹក និងទី៤៖ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ៕