(ភ្នំពេញ)៖ លោក រស់ សារិន អតីតប្រធានគណៈកម្មការអាចារ្យវត្ត «សុវណ្ណធម្មរាជ» ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ កាលពីអំឡុងឆ្នាំ២០០៩ ដោយសារចាប់រំលោភសេពសន្ទវៈលើក្មេងស្រីជាអនិតិជននោះ បច្ចុប្បន្ន បាននិងកំពុងទទួលរងនូវការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីសំណាក់គណៈកម្មការអាចារ្យវត្តទាំងមូល និងប្រជាពលរដ្ឋជាម្ចាស់ដីដើមចំនួន៤គ្រួសារទៀត ថាបានក្លែងបន្លំឯកសារលួចប្លន់យកដីរបស់វត្តចំនួនជិត៧ហិចតាទៅលក់ឲ្យឈ្មួញ ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ។

ការចោទប្រកាន់ធ្ងន់ៗទៅលើអតីតប្រធានគណៈកម្មការអាចារ្យសុវណ្ណធម្មរាជ លោក រស់ សារិននេះ បានផ្ទុះឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានឈ្មួញមួយក្រុមនាំយកគ្រឿងចក្រទៅឈូសឆាយពង្រាបព្រៃបម្រុងអង្កន់ជាដីឡូតិ៍សម្រាប់លក់បន្ត ចំលើក្បាលដីចំនួនជិត៧ហិចតា ដែលគ្រប់គ្រងដោយគណៈកម្មការអាចារ្យវត្តបច្ចុប្បន្នទាំងមូល មានទីតាំងនៅជាប់ខាងត្បូងវត្ត សុវណ្ណធម្មរាជ តាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ។

លោកតា ស៉ិន សុខុម ប្រធានគណៈកម្មការអាចារ្យវត្ត សុវណ្ណធម្មរាជ បានអះអាងថា ដីចំនួនជិត៧ហិចតារបស់វត្ត ត្រូវបាន ឯកភាពមូលមត្តិគ្នាប្រមូលបច្ច័យមកពីគ្រប់ទិសទី ដើម្បីទិញយកមកគ្រប់គ្រង ដោយបង់រំលោះត្រឹមមួយម៉ែត្រការ៉េតែ២កាក់ប៉ុណ្ណោះពីអ្នកភូមិចំនួន៤គ្រួសារ តាំងពីឆ្នាំ២០០៧រហូតមក ស្រាប់តែលេចមុខលោក រស់ សារិន អតិតប្រធានគណៈកម្មការចាស់ ដែលធ្លាប់មានរឿងអាស្រូវ រំលោភសេពសន្ទវៈលើក្មេងស្រី នៅកុដក្នុងវត្ត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ព័ន្ធនាគាររយះពេល៣ឆ្នាំ ស្រាប់តែចេញមកវិញ បែរជាក្លែងបន្លំឯកសារយកដីរបស់វត្តទៅលក់ឲ្យឈ្មួញ ក្នុងតំម្លៃរាប់សឹបម៉ឺនដុល្លារ។

លោកតា ស៉ិន សុខុម បន្តថា ក្នុងនាមគណៈកម្មការអាចារ្យវត្តទាំងអស់ គ្មានអ្វីក្រៅពីការស្នើសុំ អំពាវនាវយ៉ាងទទូចចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយអន្តរាគមន៍ពន្លឿនការដោះស្រាយ ដើម្បីយកដីត្រឡប់មកវិញ ដែលវត្តបានថែរក្សាគ្រប់គ្រងជាយូរមកហើយ តាំងពីឆ្នាំ២០០៧មកម្លះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋអ្នកភូមិជាម្ចាស់ដីដើមទាំង៤គ្រួសារ បានអះអាងផងដែរថា ពួកគាត់ពិតជាបានលក់ដីទាំងជិត៧ហិចតា ទៅឲ្យវត្ត សុវណ្ណធម្មរាជ ក្នុងអំឡុងឆ្នាំ២០០៧ពិតមែន ដែលជំនាន់នោះ មានការគ្រប់គ្រងពីគណៈកម្មការអាចារ្យវត្ត ដោយអតីត លោក រស់ សារិន ប៉ុន្តែមិនបានផ្ដិតមេដៃលើឯកសារផ្ទេរសិទ្ធិឡើយ ចុះហេតុអ្វីបានជា លោក រស់ សារិន អតិតប្រធានគណៈកម្មការអាចារ្យវត្ត ក្រោយចេញពីពន្ធនាគារ បែរជាអាចយកដីរបស់វត្តទៅលក់ឲ្យឈ្មួញ បានយ៉ាងដូច្នេះទៅវិញ។

បើទោះបីជាមានការស្នើសុំពីគណៈកម្មការអាចារ្យវត្ត សុវណ្ណធម្មរាជ ទាំងមូល ទៅកាន់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ឲ្យជួយអន្តរាគមន៍ពន្លឿនការដោះស្រាយ និងមានការអះអាងពីម្ចាស់ដីដើមជាប្រជាពលរដ្ឋអ្នកភូមិ៤គ្រួសារ ថាមិនបានផ្ដិតមេដៃលើឯកសារផ្ទេរសិទ្ធិឲ្យទៅវត្ត ចុះហេតុអ្វីបានជា លោក រស់ សារិន អតីតប្រធានគណៈកម្មការអាចារ្យវត្ត ក្រោយចេញពីពន្ធនាគារ បែរជាអាចយកដីរបស់វត្តទៅលក់ឲ្យឈ្មួញបាន ប៉ុន្តែលោក គូ អឿន ចៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលជាអាជ្ញាធរមូលដ្ឋាន បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា អតីតប្រធានគណៈកម្មការអាចារ្យវត្ត សុវណ្ណធម្មរាជ ពិតជាមានឯកសារពាក់ព័ន្ធក្បាលដីស្របច្បាប់ត្រឹមត្រូវ និងបានលក់ដីបន្តទៅឲ្យឈ្មួញជាបណ្ដើរៗហើយ។

ពាក់ព័ន្ធគណៈកម្មការអាចារ្យវត្ត សុវណ្ណធម្មរាជ និងប្រជាពលរដ្ឋជាម្ចាស់ដីដើមទាំង៤គ្រួសារ ធ្វើការចោទប្រកាន់ទៅលើអតីតប្រធានគណៈកម្មការអាចារ្យវត្ត លោក រស់ សារិន ថាបានថ្លែងបន្លំឯកសារយកដីរបស់វត្តជិត៧ហិចតា ទៅលក់ឲ្យឈ្មួញ ខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក រស់ សារិន បាននោះទេ ៕