(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នាថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យ អ្នកបញ្ជាទិញអន្តរជាតិទាំងអស់ បន្តគាំទ្រដល់កម្ពុជា ដែលមានរដ្ឋាភិបាលកំពុងលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត។ ជាមួយគ្នានេះ GMAC បានស្នើដល់សហគមន៍អន្តរជាតិ និងអ្នកនយោបាយទាំងអស់ កុំឱ្យមានការបកស្រាយស្ថានភាពនយោបាយ ធ្វើប៉ះពាល់លើផលិតកម្មកាត់ដេរកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ បានបញ្ជាក់ថា​ «ស្ថានភាពនយោបាយបច្ចុប្បន្នមិនគួរត្រូវបានបកស្រាយឱ្យក្លាយទៅជាសកម្មភាពណាមួយ ដែលមានផលប៉ះពាល់អវិជ្ជមានមកលើផលិតកម្មប្រចាំថ្ងៃ និងសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះទេ»

សមាគមបានបញ្ជាក់បន្ថែមថា សមាគមន៍ចង់រក្សាឱ្យមានប្រតិបត្តិការរលូន សម្រាប់រោងចក្រសមាជិកចំនួន៦០០របស់សមាគម ដែលទ្រទ្រង់សេដ្ឋកិច្ចដល់កម្មករជាង៧០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងប្រជាពលរដ្ឋប្រមាណ២លាននាក់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

GMAC បានបញ្ជាក់ទៀតថា និយោជក និងកម្មនិយោជិតទាំងអស់ ព្រមទាំងសហជីព បាននិងកំពុងធ្វើការងារដូចធម្មតា និងដោយសន្តិភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់ និងសេដ្ឋកិច្ចកម្ពុជា។ ការអភិវឌ្ឍនៃឧស្សាហកម្មរបស់យើងរហូតមកដល់ពេលនេះ បានយកប្រជាពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ។ ការអភិវឌ្ឍបន្ថែមទៀត ត្រូវការឱ្យមានដើម្បីជួយប្រជាពលរដ្ឋដទៃៗទៀត ដែលនៅក្រីក្រនៅឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ GMAC នាពេលនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានកោតសរសើរ និងបង្ហាញអំពីការខិតខំរ​បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ជីវភាពរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជា ផងដែរ ដោយក្នុងនោះមានការដំឡើងប្រាក់ខែកម្មកររៀងរាល់ឆ្នាំ ការដាក់ចេញនូវរបបថែមទាំងសុខភាពសម្រាប់កម្មករ ការដាក់ចេញនូវរបបគ្រោះថ្នាក់ការងារ រួមទាំងប្រាក់សោធនិវត្តន៍ នៅឆ្នាំ២០១៩ ផងដែរ៕