(​ភ្នំពែញ)៖ ក្រោយពេលបញ្ចប់ភារកិច្ចចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ មកដើរកម្សាន្តក្នុងព្រះរាជធិពីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងទៅថ្មីៗនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានងាកមកបង្កើនយុទ្ធនាការ ពួនស្ទាក់ទាំងយប់ទាំងថ្ងៃ បង្ក្រាបក្រុមចោរឆក់ជាច្រើនករណីជាបន្តបន្ទាប់ ដូចភ្លៀងរលឹម និងបញ្ជូនជនល្មើស ជាច្រើននាក់ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស។ 

ជាក់ស្តែងគ្រាន់តែមួយរយៈពេលខ្លីក្រោយបុណ្យអុំទូកនេះ ​អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរឆក់ចំនួន៥ករណី និងបញ្ជូនជនសង្ស័យចំនួន១១នាក់ ទៅកាន់តុលាការធ្វើការ ផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ ហើយនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ យើងទើបតែឃើញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ដ៏មហាសកម្ម ឆក់រហូតដល់ជាង១២០​ដង ចំនួន០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ស្រាប់តែមកដល់ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ​អាវុធហត្ថរាជធានីភ្នំពេញដដែល បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីចោឆក់ ថ្មីមួយករណីផ្សេងទៀត ទៅតុលាការជាបន្ត។

តាមការឲ្យដឹង​របស់សមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យដែលជាមុខសញ្ញាចោរឆក់ម្នាក់នេះ មានឈ្មោះ​ យឹម សំអាត អាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចច្រកចូលបុរីផុនស៊ុយ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេលមួយថ្ងៃ បន្ទាប់ពីជនសង្ស័យ បានឆក់កាបូបជនរងគ្រោះម្នាក់ឈ្មោះ គឹម ស្រីមុំ នៅចំណុចមុខផ្ទះលេខ៤៨៩A ផ្លូវលេខ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន ខណៈដែលជនរងគ្រោះកំពុងបើកទ្វាររថយន្តក្រោយដើម្បីយកឥវ៉ាន់ នៅមុខផ្ទះរបស់ខ្លួន​ក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យបាត់លុយចំនួន១១០ដុល្លារ ទូរស័ព្ទដៃ iPhone 7Plus មួយគ្រឿង និងសម្ភារៈមួយចំនួនផ្សេងទៀតក្នុងកាបូប។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពថា រូបគេគឺពិតជាបានធ្វើសកម្មភាពឆក់ កាបូបរបស់នារីរងគ្រោះពិតប្រាកដមែន ហើយគេចខ្លួនពីខណ្ឌចំការមន មកដល់បណ្តោយផ្លូវវេងស្រេង ទើបឆែកកាបូបដកយកលុយ និងទូរស័ព្ទ រួចបោះកាបូប និងសម្ភារៈផ្សេងៗចោល បន្ទាប់មកក៏ជិះម៉ូតូទៅផ្ទះឋិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែព្រឹកឡើង ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

តាមការកត់សម្គាល់ឃើញថា មួយរយៈកាលនេះ សមត្ថកិច្ចពិតជា​រវល់រកពេលទំនេរគ្មានមែន ព្រោះតែធ្វើការល្បាតពួនស្ទាក់ ទាំងយប់ទាំងថ្ងៃ និងមានការប្រថុយប្រថានអាយុជីវិត ប្រឈមជាមួយគ្រោះថ្នាក់ ក្នុងការប្រដេញតាមចាប់ ក្រុមចោរឆក់ទាំងនេះ​។

ជាក់ស្តែង​លោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានប្រដេញចាប់ក្រុមចោរឆក់​០៤នាក់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដួលម៉ូតូ បែកឆ្អឹងក្បាលជង្គង់ របួសធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ហើយ​រឹតតែភ្ញាក់ផ្អើលទៀតនោះគឺ សូម្បីតែមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏ត្រូវបានដួលរបួសដៃជើង ក្នុងអំឡុងពេលដេញចាប់ចោរឆក់ មួយក្រុមផ្សេងទៀត កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២១០៧ផងដែរ៕