(បន្ទាយមានជ័យ)៖​ ​នៅល្ងាចថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៧ មន្ត្រីគយចល័ត​សាខាគយ និង​រដ្ឋាករ​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាប់រថយន្ត​គ្មានពន្ធ​ចង្កូតស្តាំ ១គ្រឿង​ នៅចំណុចភូមិក្បាលស្ពាន សង្កាត់​-ក្រុងប៉ោយប៉ែត ​ដែលឈ្មួយព្យាយាមលួចនាំចូលមកតាមច្រករបៀង។

លោក ហ៊ុយ សុជាតិ ​ប្រធានការិយាល័យគយ និងរដ្ឋាករ​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់ថា មន្ត្រីគយចល័តរបស់យើង​ ដែលមាន លោកសាំង ណន​អនុប្រធានការិយាល័យ​គយ និងរដ្ឋាករ​ ទទួលបន្ទុក​ប្រធានក្រុម​គយចល័ត​ បានតាមប្រមាញ់នៅរថយន្តទំនើបៗ​ ដែលបានឈ្មួញខិលខូចលួចនាំយកតាមច្រករបៀង ឬតាម​ទីតាំងណាមួយ​របស់គាត់ ។

លោកបានបន្តថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញបាន​ត្រួតពិនិត្យ រថយន្ត​ចង្កូតស្តាំ​នាំចូលតាមច្រករបៀង ដែលបង្កឱ្យបាត់បង់ចំណូលពន្ធ​ ហើយក្នុងឆ្នាំនេះដែរ គឺសង្កេតឃើញថា​​​ ក្រុមឈ្មួញអាជីវករបានយល់បញ្ហាបង់ពន្ធចូល ហើយពុំសូវមាន​លួចនាំយករថយន្តចង្កូតស្តាំ​គេចពន្ធទៀត​ដែរ ។

លោកបន្តថា ដូច្នេះហើយមន្ត្រីជំនាញយើង​ នៅតែបន្ត​ការត្រួតពិនិត្យបន្ថែមទៀត និងឈានដល់ការអនុវត្ត​អោយបាន១០០ភាគរយ៕