(ភ្នំពេញ)៖ ក្នុងដំណេីរទស្សនកិច្ចផ្លូវការ នៃការចូលរួមក្នុងសន្និសីទហាឡាលអន្តរជាតិថៃ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណេីរ បានអញ្ជេីញជួបថ្នាក់ដឹកនាំឥស្លាមជាន់ខ្ពស់ជាច្រេីនរូបរបស់ប្រទេសថៃ។

នៅឯមជ្ឈមណ្ឌលឥស្លាមក្រុងបាងកក លោកក៏បានជួបសម្តែងការគួរសមជាមួយ លោក Wan Muhamad Noor Matha អតីតប្រធានរដ្ឋសភាថៃ ដេីម្បីពិភាក្សា ចែករំលែកបទពិសោធន៍នូវគម្រោងអភិវឌ្ឍន៍សហគមន៍ឥស្លាម។

អតីតប្រធានរដ្ឋសភាថៃ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមប្រទេសថៃ លោក Wan Muhamad Noor Matha ក៏ធ្លាប់ជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ១៩៩៤-១៩៩៥ ខណៈឆ្នាំ១៩៩៦-២០០០ លោកជាប្រធាnរដ្ឋសភា ហេីយឆ្នាំ ២០០១ជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងគមនាគមន៍ និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ២០០២។

លោក Matha ជាស្ថាបនិកគម្រោងនៃមជ្ឈមណ្ឌលឥស្លាមប្រទេសថៃដែលគ្រោងនឹងបង្ហេីយ ការសាងសង់ក្នុងពេលឆាប់នេះ បានឲ្យដឹងថា គម្រោងមជ្ឈមណ្ឌលខាងលេី ជាចំណងដៃរបស់ស្តេចសាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ជូនរដ្ឋាភិបាលថៃ សម្រាប់សហគមថៃឥស្លាមនៅភាគខាងត្បូង ដែលចំណាយថវិកាប្រមាណ២០លានដុល្លារអាមេរិក សាងសង់នៅលេីផ្ទៃដី១៥ហិកតា ក្នុងខេត្តយ៉ាឡា រួមមានអាគារសាកលវិទ្យាល័យ មន្ទីរពេទ្យ មណ្ឌលវប្បធម៌ សារៈមន្ទី ។ល។

ថ្លែងទៅកាន់ភាគីម្ចាស់ផ្ទះ លោកឧកញ៉ា អូស្មា ហាស្សាន់ បានលេីកឡេីងថ្លែងអំណរគុណដល់អតីតប្រធានរដ្ឋសភាថៃ ដែលបានទទួលជួបពិភាក្សា និងចែករំលែកព័ត៌មាន ក៏ដូចជាគម្រោងល្អៗច្រេីនដល់ប្រតិភូកម្ពុជា។

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំឥស្លាមកម្ពុជា ជាប្រទេសជិតខាង បេីនិយាយពីស្នាដៃ និងសមិទ្ធផលផ្សេងៗជាច្រេីនដែលប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងផ្តល់នូវសមិទ្ធផលនានា និងការសម្រួលអ្វីៗគ្រប់បែបយ៉ាង ដល់សហគមន៍ជាតិទាំងមូលនិយាយជារួម ហេីយក៏សម្រាប់សហគមន៍ខ្មែរឥស្លាមយ៉ាងច្រេីនលេីសលប់និយាយដោយឡែក។

លោកឧកញ៉ា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីការលេីកឡេីងរបស់ លោកម៉ាតណូ ស្តីពីគម្រោងនានាដែលសហគមន៍ថៃឥស្លាមបានធ្វេីឡេីង ជាពិសេសមជ្ឈមណ្ឌលឥស្លាមយ៉ាងធំរបស់ភាគីថៃ ខណៈដែលនៅកម្ពុជាក៏កំពុងពិនិត្យមេីលលទ្ធភាពសិក្សាពីគម្រោងមជ្ឈមណ្ឌលឥស្លាមភ្នំពេញដូចគ្នា ឲ្យមានវត្តមាននៅកណ្តាលរាជធានីភ្នំពេញ បន្ទាប់ពី សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៦៦ សសច ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ស្តីអំពីការបង្កេីតមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នៅលេីផ្ទៃដីវិហារឥស្លាមបឹងកក់ អាល់សារកាល រាជធានីភ្នំពេញ និងការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង ក៏បានសម្រេចរួលរាល់ក៏បានធ្វេីរួចហេីយដែរ៕