(ត្បូងឃ្មុំ)៖ ស្ត្រីម្នាក់ ខណៈដើរចម្ងាយជិត១គីឡូម៉ែត្រពីការដ្ឋានវាយថ្ម ដើម្បីយកបាយទៅឲ្យប្ដីនៅឯស្រែក៏ត្រូវថ្មមួយដុំធំ ដែលខ្ទាតចេញ ពីការបំផ្ទុះនៅក្នុងការដ្ឋានបណ្ដាលឲ្យត្រូវចំក្បាលបែករយៈស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរហូតមកដល់ពេលនេះ ម្ចាស់ការដ្ឋានបង្ករដែលគេស្គាល់ឈ្មោះឧកញ៉ាលឹម ប៊ុណ្ណា អតីតជាឈ្មួញឈើដ៏ល្បី និងបច្ចុប្បន្នក៏ជាឈ្មួញរកស៊ី​ដ៏មានឥទ្ធិពល នៅក្នុងទឹកដីខេត្តត្បូងឃ្មុំនោះ នៅមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើយនោះទេ។

ករណីដុំថ្មខ្ទាតចេញពីការដ្ឋានបំផ្ទុះយកថ្មបណ្ដាលអោយត្រូវស្ត្រីម្នាក់ស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចក្បែរការដ្ឋានរណ្ដៅបំផ្ទុះយកថ្មទី2 ខាងកើតការដ្ឋានកិនថ្មលឹម ប៊ុណ្ណា ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី2 ស្រុក ខេត្តត្បូងឃ្មុំ។សពស្ត្រីរងគ្រោះឈ្មោះខេង សំណាង អាយុ34ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងស្រុក ភូមិកើតហេតុ។

តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានអោយដឹងថា នៅព្រឹកមុនកើតហេតុ គាត់បានចេញពីផ្ទះទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេដើម្បីយក
ប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំណែកប្រពន្ធរបស់គាត់មិនបានទៅស្រែជាមួយគាត់ទេ ព្រោះប្រពន្ធរវល់ចូលរួម ភ្ជាប់ពាក្យកូន អ្នកជិតខាង។លុះរហូតដល់វេលាម៉ោងជាង១១ព្រឹកប្រពន្ធរបស់គាត់បានយកបាយទៅឱ្យគាត់ នៅ កន្លែងវាលស្រែច្រូតស្រូវ។ ពេលនោះស្រាប់តែឮសំឡេងសុីរ៉ែនរោទិ៍ចេញពីការដ្ឋានវាយថ្ម ដែលជាសញ្ញាអោយប្រជាពលរដ្ឋដែលនៅជិតការដ្ឋានប្រុងប្រយ័ត្ន ព្រោះគេជិតបំផ្ទុះថ្មហើយ។បន្តិចក្រោយមក ស្រាប់តែឮស្នូរសំលេងផ្ទុះកក្រើកឡើង ពេលស្ងប់ស្ងាត់ទើបមាន គេរត់ទៅប្រាប់ថា ប្រពន្ធរបស់គាត់ដេកស្លាប់ នៅប្រហែលជាង៧០០ម៉ែត្រពីការដ្ឋានបំផ្ទុះថ្ម ដោយមានស្នាមត្រូវរបួស រយៈក្បាលចេញខួរទៀតផង ហើយនៅក្បែរនោះ គេបានរកឃើញបំណែកដុំថ្មមួយដុំធំមានទំហ៊ំប្រមានជិតប៉ុនលលាដ៏ផ្លែដូង មានឈាម និងសក់ជាប់នៅដុំថ្ម នោះទៀតផង ទើបធ្វើអោយគេសន្និដ្ឋានថាប្រពន្ធ របស់ខ្លួនស្លាប់ដោយសារតែដុំថ្មខ្ទាតចេញពីការបំផ្ទុះយកថ្មរបស់ឧកញ៉ាលឹម ប៊ុណ្ណាតែម្ដង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានសហការណ៏ជាមួយជំនាញ របស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៏រដ្ឋបាលជីរោទ៌ទី 2 ដឹកនាំដោយលោកព្រះរាជអាជ្ញារងទៀវ ពណ្ណរាយ ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយករណីផ្លោងដុំថ្មចេញពីការ បំផ្ទុះយកថ្ម នៅក្នុងការដ្ឋានខាងលើប្រាកដមែន។

តាមព័ត៌មាន រហូតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ ករណីបំផ្ទុះយកថ្មបណ្ដាលអោយខ្ទាតត្រូវប្រជាពលរដ្ឋស្លាប់ខាងលើនេះ ខាងភាគីម្ចាស់ការដ្ឋាន គឺឧកញ៉ាលឹម ប៊ុណ្ណា នៅមិនទាន់ចេញមុខមកទទួលខុសត្រូវ និងដោះស្រាយសំណងជូនក្រុមគ្រួសារជន រងគ្រោះនៅឡើយទេ ដោយកាលពីម្សិលមិញ គេគ្រាន់តែដឹងថាភាគីបង្ករបានយកបច្ច័យទៅចូលបុណ្យតាមរយៈមេភូមិតែប៉ុណ្ណោះ។ ប្ដីរបស់សពស្ត្រីរងគ្រោះ បានសំណូមពរសូមអោយម្ចាស់ការដ្ឋានត្រូវតែចេញមុខមកទទួលខុសត្រូវ និងសូមអោយសមត្ថកិច្ចជួយពន្លឿនដំណោះស្រាយករណីនេះអោយបានលឿនផង។

អ្នកភូមិបាននាំគ្នាសំណូមពរសូមអោយអាជ្ញាធរ មានសមត្ថកិច្ចជួយពិនិត្យមើលទីតាំងការដ្ឋានយកថ្មរបស់ឧកញ៉ាលឹម ប៊ុណ្ណា ខាងលើនេះផងព្រោះកន្លងមកក៏ដូចបច្ចុប្បន្ន តែងតែបង្ករការភ័យខ្លាចដល់អ្នកភូមិដោយសារតែការដាក់រំសេវបំផ្ទុះយកថ្មនេះ ហើយរាល់ពេលអ្នកភូមិទៅប្រាប់ពីរបៀបការពារសុវត្ថិភាពរាល់ពេលដាក់រំសេវបំផ្ទុះម្ដងៗ បុគ្គលិកនៅទីនោះ មិនសូវយកត្រចៀកស្ដាប់ទេ ព្រោះគេអាងថៅកែរបស់គេជាឧកញ៉ា មានឥទ្ធិពលនៅក្នុងខេត្តនោះ៕