(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានធ្វើការបង្ក្រាបក្រុមចោរឆក់ដែលរត់គេចពីភ្នំពេញ ទៅធ្វើសកម្មភាពនៅខេត្តតំបន់ទេសចរណ៍មួយនេះ ​បានជាបន្ដបន្ទាប់ចំនួន៦នាក់ ដោយមានទាំងស្រី មានទាំងប្រុស ក្រោយធ្វើសកម្មភាពសម្រេចជាច្រើនលើក។

មន្ដ្រីនគរបាលបានប្រាប់មកអង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះថា ​នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់អញ្ចាញ ភូមិ អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប មានករណី​អំពើលួចមានស្ថានទម្ងន់ទោសឆក់ បង្កឡើងដោយជនសង្ស័យចំនួន​០២​នាក់ ទី​១៖ ឈ្មោះ ជា លាងគី ភេទប្រុស អាយុ១៨ឆ្នាំ ​រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី​២៖​ ឈ្មោះ សោ ដាណេ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស ឈ្មោះ CHAN JONATHAN YIU LOON ភេទ​ប្រុស និងឈ្មោះ KAN SUK KWAN ភេទស្រី​ ដោយយកបានសម្ភារៈមួយចំនួន។​

ក្រោយធ្វើសកម្មភាព​ជនសង្ស័យ បានធ្វើការគេចខ្លួន​តាមផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅបរិវេណតំបន់ប្រាសាទ ខណៈដែលកម្លាំងផ្នែកអន្តរគមន៍ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគធំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កំពុងធ្វើការ​ល្បាតក្នុងមូលដ្ឋាន ហើយបានឃើញសកម្មភាពរបស់ជនសង្ស័យ ក៏បានធ្វើការតាមប្រដេញជនសង្ស័យ​ ទៅដល់ចំណុចខាងមុខសាលាសង្កាត់នគរធំ ជនសង្ស័យបានទំលាក់កាបូបរបស់ជនរងគ្រោះចោល ហើយបន្តគេចខ្លួន​ទៅដល់ចំណុចខាងកើត​ប្រាសាទតាព្រហ្ម ជនសង្ស័យបាន​ផ្តួលម៉ូតូចោល រត់ចូលព្រៃ​។

ដោយមានការចូលរួមសហការណ៍ល្អ ពីនគរបាលការពារបេតិកភណ្ឌ ក៏ដូចជាបងប្អូន​ប្រជាការពារភូមិ ជនសង្ស័យទាំងពីរនាក់ដែលព្យាយាម​រត់គេចខ្លួនត្រូវបានកម្លាំងចម្រុះ ធ្វើការឃាត់ខ្លួនបាន​នៅក្នុងព្រៃបរិវេណខាងលិច ប្រាសាទតាព្រហ្ម និងបានបញ្ជូនមកនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីធ្វើការ​សាកសួរ។ ដោយដកហូតបាន ម៉ូតូ​០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅស្លាកលេខ​ភ្នំពេញ1KG​-7188 និងកាបូបរបស់ជនរងគ្រោះ។

ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោក​វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានណែនាំឲ្យបើកការស្រាវជ្រាវស៊ើបអង្កេតឲ្យដល់ឬសគល់​។

កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ក្រុងសៀមរាប និងលោកអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ដោយមានការសហការណ៍ល្អ ជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការ​សាកសួរជនសង្ស័យ និងបន្តនីតិវិធី​រហូតឈានដល់ធ្វើការឃាត់ ខ្លួនបានបក្សពួកជនសង្ស័យចំនួន០៤នាក់បន្ថែមទៀត នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទី១៖ឈ្មោះ ព្រឿន សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាចារី និងមេក្លោង), ទី២៖ឈ្មោះ ម៉ៅ ចាន់ថាវី ភេទស្រី អាយុ២១ឆ្នាំ រស់នៅ​ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាចារី និងមេក្លោង), ទី៣៖ឈ្មោះ ទេព ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកសមគំនិត) និងទី៤៖ឈ្មោះ ម៉ៅ សុបញ្ញា ភេទស្រី អាយុ២០ឆ្នាំ រស់នៅខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ (អ្នកសមគំនិត)។

ក្នុងនោះកម្លាំងជំនាញ​ដកហូតបាន Laptop ម៉ាក Apple ចំនួន០១គ្រឿង, ចិញ្ចៀនលោហធាតុពណ៌ស ចំនួន០៦វង់, វិទ្យុទាក់ទងប្រភេទអាយឌី ម៉ាក Motorola ចំនួន០១គ្រឿង, ម៉ូតូ​០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅស្លាកលេខ​ភ្នំពេញ1FA-4711, ប្រាក់កាក់អង់គ្លេស ចំនួន១២០ផោន, លុយអ៊ីរ៉ូ ចំនួន០៥អ៊ីរ៉ូ, លុយម៉ាឡេស៊ី ចំនួន០៥RM, លុយមីយ៉ាន់ម៉ា ចំនួន២,១៣៥០kya​t។

ជនសង្ស័យបានឆ្លើយសារភាពថា​កន្លងមកក្រុមខ្លួន បានធ្វើសកម្មភាព​ឆក់កាបូប និងទូរស័ព្ទ​ក្នុងភូមិសាស្ត្រក្រុងសៀមរាប បានចំនួន០៥លើក និងចំនួន០៣លើកនៅរាជធានីភ្នំពេញ​។ ចំពោះវត្ថុតាងដែលដកហូតបានបន្ថែមនេះ គឺជាវត្ថុតាងដែលក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់ភ្ញៀវជនជាតិអាមេរិចកាំងម្នាក់ នៅចំណុចជិតសណ្ឋាគារ​ឃីងដុម ស្ថិតនៅភូមិគ្រួស សង្កាត់​ស្វាយដង្គំ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ច​ធ្វើការប្រគល់ទទួលជូនភ្ញៀវដែលជាជនរងគ្រោះវិញរួចហើយ​។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់នោះ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់៕