(សៀមរាប)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ុំ ម៉ាប់ រួមនិងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២-៣ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត។

ក្នុងដំណើរចុះត្រួតពិនិត្យ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកអគ្គនាយក ស៊ុំ ម៉ាប់ បានប្រាប់ដល់មន្រ្តីគ្រប់គោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យបានរៀបរយ មុនពិធីបួងសួងចាប់ផ្តើម។

ការចុះត្រួតពិនិត្យនេះ លោក ស៊ុំ ម៉ាប់ បានប្រាប់ឱ្យសម្អាតវាលស្មៅខាងមុខអង្គរវត្ត កាត់ស្មៅ និងបាញ់ទឹកសម្អាតផ្លូវបរិវេណមុខប្រាសាទអង្គរជាដើម។ ក្រៅពីនេះ ក៏មានត្រៀមដើម្បីបិទចរាចរណ៍នៅខាងមុខប្រាសាទផងដែរ ក្នុងពេលពិធីបួងសួងដំណើរការ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ដែលគ្រោងចូលរួមក្នុងពិធីទាំងមូល។

ដើម្បីរៀបចំពិធីនេះ ឲ្យបានល្អប្រសើរនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូន ព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាងនេះទៅទៀត ពិធីនេះក៏មានបំណង ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់ប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបន្សល់មកដល់កូនចៅជំនាន់ក្រោយនេះ ហើយនឹងមានការរាប់បាត្រ ដោយមានព្រះសង្ឃចំនួន៥,០០០អង្គផងដែរ៕