(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្តកម្ពុជាមួយចំនួន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសេចក្តីសេចក្តីថ្លែងការណ៍រួមមួយ ប្រកាសប្រាប់សហរដ្ឋអាមេរិកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពប្រសើរជាប្រទេសជាច្រើននៅក្នុងតំបន់ មិនដូចអ្វីដែលអ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកលើកឡើងនោះឡើយ។

សេចក្តីថ្លែងការណ៍ដែលមានការចុះហត្ថលេខាដោយ តំណាងរាស្រ្តកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺស្របតាមបរិបទរបស់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក។ លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា គឺមានភាពប្រសើរជាងប្រទេសជាច្រើននៅក្នុងតំបន់។ ដូច្នេះ កម្ពុជាមិនបានដើរឃ្លាតឆ្ងាយពីប្រទេសនានា ដូចការអត្ថាធិប្បាយរបស់អ្នកនាំពាក្យសេតវិមាន ដោយគ្មានមូលដ្ឋាននោះទេ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី Heather Nauert អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រិះគន់ ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានឃ្លាតឆ្ងាយពីប្រទេសនៅក្នុងតំបន់។

ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យសេតវិមាន បានធ្វើឲ្យអ្នកសារព័ត៌មានបរទេសម្នាក់ចោទសួរថា តើប្រទេសណាដែលលោកស្រី ចង់និយាយសំដៅទៅដែលថា ជាប្រទេសនៅក្នុងតំបន់នោះ? ពីព្រោះ គ្មានប្រទេសជិតខាងណាមួយរបស់ប្រទេសកម្ពុជា ដែលអាចនិយាយបានថា ដូចជា៖ ប្រទេសថៃ ឥឡូវនេះកំពុងស្ថិតនៅក្រោមរបបផ្តាច់ការយោធា។ វៀតណាម ជាប្រទេសប្រកាន់នយោបាយឯកបក្ស, ឡាវ ជាប្រទេសប្រកាន់នយោបាយឯកបក្ស, និង ភូមា គឺមិនមែនជាប្រទេសគំរូប្រជាធិបតេយ្យល្អបំផុតនោះទេ។ ដូច្នេះ តើប្រទេសណាដែលោកស្រីចង់សំដៅនោះ?

សាធារណជនជាច្រើនបានលើកឡើងថា សំណួរនេះ បានធ្វើឱ្យអ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក រងនូវភាពអាម៉ាស់យ៉ាងខ្លាំងក្លា៕