(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី ការផ្ទេរថ្លៃ និងផ្សព្វផ្សាយអំពីប្រកាស ស្តីពីវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយ ក្នុងចំណោមបុគ្គលទាក់ទិន ក្រោមអធិបតីភាពលោកលោក ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីលោក រ័ត្ន មុនី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស លោក អេង រតនា នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសវនកម្មសរុបប្រមាណ២៥០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់សវនករពន្ធដារ ឱ្យបានយល់អំពីវិធាន នីតិវិធី និងអំពីវិធីសាស្ត្រផ្ទេរថ្លៃនៅក្នុងប្រតិបត្តិការ រវាងបុគ្គលទាក់ទិន។

នៅក្នុងអង្គសិក្ខាសាលានេះ លោកស្រីអគ្គនាយករងបានលើកឡើងថា ប្រកាសស្តីពីការផ្ទេរថ្លៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បើគាំទ្រដល់យុទ្ធសាស្រ្ត កៀរគចំណូលរយៈពេលមធ្យម និងរយៈពេលវែងរបស់រាជរដ្ឋាភិបាល និងដើម្បីដើរអោយទាន់នូវទំនើបកម្មអាជីវកម្មនាពេលបច្ចុប្បន្ន ដែលមានការរៀបចំរចនាសម្ព័ន្ធ អាជីវកម្មមានលក្ខណៈស្មុកស្មាញ ជាពិសេសប្រតិបត្តិការ របស់សហគ្រាសពហុជាតិ ដែលអាចធ្វើឱ្យបាត់បង់ នូវចំណូលពន្ធ តាមរយៈការផ្ទេរប្រាក់ចំណេញ ទៅក្រៅប្រទេស។ ដូច្នេះតម្រូវអោយ សវនករត្រូវធ្វើការស្វែងយល់ ដើម្បីធ្វើសវនកម្មនោះប្រកបដោយតម្លាភាព និងកាត់បន្ថយនូវវិវាទរវាង រដ្ឋបាលសារពើ ជាមួយអ្នកជាប់ពន្ធ។

សូមបញ្ជាក់ថាថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាស ស្តីពីវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ដើម្បីកំណត់វិធាននិងនីតិវិធីឱ្យ បានច្បាស់លាស់នៅក្នុងការកំណត់ថ្លៃទំនិញ សេវា ឬទ្រព្យដែលធ្វើឡើងរវាងបុគ្គលទាក់ទិន។ ដោយក្នុងនោះ រាល់ប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន ត្រូវគោរពតាមគោលការណ៍ជំហោងដៃ។

សិក្ខាសាលានេះ រៀបចំឡើងដោយមានការធ្វើបទបង្ហាញ របស់ក្រុមការងារបច្ចេកទេស នៃការផ្ទេរថ្លៃរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានលោក ត្រាំង ឡៃ និងលោក ហ៊ាង សុភា ជាអនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្ម សហគ្រាសបានធ្វើបទបង្ហាញ ជូនអង្គសិក្ខាសាលាទាំងមូលជាពីរផ្នែកគឺ៖

* ផ្នែកទីមួយ គឺជាការធ្វើបទបង្ហាញអំពីប្រការសំខាន់ៗ ដែលមានចែងនៅក្នុងប្រកាស ស្តីពីការបែងចែងចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន មានជាអាទិ៍ វិសាលភាព និយមន័យពាក្យគន្លឹះមួយចំនួន គោលការណ៍ជំហោងដៃ របៀបប្រៀបធៀបនៃកំរិតដែលអាចធៀបបានរវាងប្រត្តិបត្តិការដែលមានការរៀបចំនិងប្រតិបត្តិការគ្មានការរៀបចំ វិធីសាស្ត្រផ្ទេរថ្លៃ និងការកាន់កាប់រក្សាទុកឯកសាររបស់អ្នកជាប់ពន្ធជាដើម។

* ផ្នែកទីពីរ គឺធ្វើបទបង្ហាញទូទៅ ក្នុងការស្វែងយល់អំពីការផ្ទេរថ្លៃ (ការបែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន) ដែលការធ្វើបទបង្ហាញនេះទៀតសោតគីផ្តោតលើចំណុចសំខាន់ៗជាទូទៅ ដូចជា និយមន័យនៃការផ្ទេរថ្លៃ ប្រត្តិបត្តិការមួយចំនួនដែលជាកម្មវត្ថុនៃការផ្ទេរថ្លៃ ព្រមទាំងវិធីសាស្ត្រក្នុងការធ្វើវិភាគលើភាពដែលអាចធៀបបាន និងការធ្វើការគណនារកថ្លៃជំហោងដៃដោយអនុវត្តតាមវិធីសាស្រ្តផ្ទេរថ្លៃទាំង៥។

លោកស្រីអគ្គនាយករង ក៏បានផ្តាំផ្ញើឱ្យមន្ត្រីសវនកម្មទាំងអស់ ត្រូវព្យាយាមស្វែងយល់បន្ថែមអំពីវិធីសាស្ត្រ នៃការផ្ទេរថ្លៃក្នុងចំណោមបុគ្គលទាក់ទិន ព្រមទាំងត្រូវបំពេញការងារសវនកម្ម ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យមានការថ្នាំងថ្នាក់ដល់អ្នកជាប់ពន្ធ នឹងត្រូវខិតខំបំពេញភារៈកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំប្រមូលចំណូលចូលថវិកាជាតិ៕