(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបជាមួយក្រុមសិក្ខាកាម១៦រូប ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជូនទៅសិក្សាផ្នែកម៉ៃក្រូហិរញ្ញវត្ថុឥស្លាម លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានឲ្យដឹងថា ឱកាសអ្នកដែលប្រកបអាជីវកម្មខ្នាតតូច ដែលត្រូវការកម្ចីដើមទុនតិចតួច ដោយពុំមានការប្រាក់គឺពេលនេះអាចរកបានហើយ។

ក្នុងជំនួបនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ ​បញ្ជាក់ថា ​ក្នុងជំហានដំបូងនេះ ដើម្បីឈានដល់ការបើកដំណើរការ គ្រឹះស្ថានម៉ៃក្រូហិរញ្ញវត្ថុឥស្លាម ដែលពុំមានការប្រាក់ ដែលសហការជាមួយភាគីម៉ាឡេស៊ី នៅដើមឆ្នាំ២០១៨ គឺសិក្ខាកាមទាំងអស់ត្រូវចាប់ផ្តើមអនុវត្តការចុះជួប និងស្រង់ទិន្នន័យអតិថិជន ដែលត្រូវការប្រាក់កម្ចីពី គ្រឹះស្ថានម៉ែក្រូហិរញ្ញវត្ថុឥស្លាម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការចុះផ្ទាល់នេះ នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។

​លោកបន្ថែមថា តាមស្តង់ដារភាគីដៃគូម៉ាឡេស៊ីដែលបានអនុវត្តកន្លងមកហើយ ទទួលបានជោគជ័យ ទោះបីជាពុំមានការបង់ការប្រាក់ក្តី ប៉ុន្តែ អ្នកកម្ចីតម្រូវឲ្យបង់សេវាកម្មលើកដំបូងតែម្តង គត់ចំនួន១០ភាគរយនៃទុនកម្ចីសរុប ដែលខ្ចីក្នុងកំឡុងពេល២ឆ្នាំ ដែលភាគរយ​នេះ គឺជាកម្រិតទាបបំផុត ដែលគ្រឹះស្ថានផ្តល់ជូន បើធៀបនឹងគ្រឹះស្ថានម៉ៃក្រូហិរញ្ញវត្ថុទូទៅ ឬធនាគារទូទៅមិនមែនឥស្លាម។

បើតាមលោក អូស្មាន ហាស្សាន់ គម្រោងឥណទានកម្ចីខាងលើ គឺជាគម្រោងលើកកំពស់ជីវភាពស្ត្រីក្រីក្រ ដែលមានគំនិតក្នុងការបង្កើតអាជីវកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ដែលគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកំពស់ជីវភាពអ្នកក្រខ្សត់ ជាពិសេសគឺស្ត្រីតែម្តង ដោយសារក្នុងក្នុងគោលការណ៍ តម្រូវឲ្តអ្នកដែលដាក់ពាក្យស្នើសុំកម្ចីជាស្ត្រីប៉ុណ្ណោះ។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាបុគ្គលិកត្រៀមបម្រុងទាំង១៦រូប ត្រូវពុះពារការងារបន្ត ដើម្បីសម្រេចឲ្យបានជោគជ័យ ក្នុងបេសកកម្មមួយនេះ អាចថាបើគម្រោងបែបគ្រឺះស្ថានឥស្លាមខាងលើដំណើរការល្អ​ នឹងឈានដល់មានដៃគូរសហការលើវិស័យធានាគារ បែបឥស្លាមក៏ថាបាននៅពេលអនាគត់ ព្រោះវាផ្តល់ការលើកលែងដល់អតិថិជន ឬសហគ្រិនដែលគាត់មានគម្រោងបង្កបង្កើតមុខរបរជាអាជីបផ្សេងៗ៕