(ភ្នំពេញ)៖ ស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន២លានដុល្លារ ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «សហរដ្ឋអាមេរិកបានជួយដល់ការដោះមីន មនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសម័យសង្គ្រាម។ ការផ្តល់ថវិកាថ្មីនេះ គឺជាការបន្តនៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយក្នុងការបោស សំអាតកាកសំណល់នៃសង្គ្រាម។ យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បីឲ្យមកជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា»

កាលពីពេលថ្មីៗកន្លងមកនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ធ្លាប់បានប្រកាសផ្តាច់ជំនួយ ក្នុងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជាទៅឲ្យមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)។ គម្រោងនៃការផ្តាច់ជំនួយរបស់អាមេរិកនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មយ៉ាងខ្លាំង និងបានប្រកាសថា បើគ្មានជំនួយរបស់អាមេរិក ក៏រាជរដ្ឋាភិបាលធានាឲ្យដំណើរការដោះគ្រាប់បែក ដែលទម្លាក់ដោយអាមេរិក នៅបន្តប្រតិបត្តិការដដែល មិនដកថយឡើយ។

ក្រោយមកស្ថានទូតអាមេរិក ក៏បានផ្ញើលិខិតជូនស៉ីម៉ាក់ ដោយបញ្ជាក់ថា ខ្លួននឹងបន្តផ្តាល់ជំនួយដល់ស៉ីម៉ាក់ ក្នុងការបន្តប្រតិបត្តិការដោះគ្រាប់បែករយៈពេល២ខែទៀត គឺខែមករា និង ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីឲ្យមានពេលក្នុងការចូលរួមប្រកួតប្រជែង យកថវិកាជំនួយរបស់អាមេរិក។

ការប្រកាសផ្តល់ជួយដល់កម្ពុជាឡើងវិញនេះ ធ្វើឡើងបន្ទាប់រដ្ឋាភិបាលចិន អះអាងធានាថាខ្លួននឹងជួយដល់កម្ពុជា ក្នុងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅកម្ពុជា តាមរយៈជំនួបរវាបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីចិន នៅឯទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

ជាមួយគ្នានេះ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាសម្ភារៈបោសសម្អាតមីនដល់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណជាងកន្លះលានដុល្លារផងដែរ។

សូមជម្រាបថា បើតាមទិន្នន័យរបស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាម​មានចំនួនច្រើន ឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕

<p