(កំពត)៖ អតីតសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ​ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកជុំគិរី​ និងស្រុកកំពង់ត្រាច ខេត្តកំពតសរុប១១នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបពួកគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១១រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១១រូបនោះរួមមាន៖
ទី១៖ លោក នៅ រដ្ឋា អាយុ៣៨ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
ទី២៖ លោក សៀង ធឿន អាយុ៤៨ឆ្នាំ អតីតជំទប់ទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
ទី៣៖ លោក ទេព រិទ្ធី អាយុ៥០ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាចខាងកើត ស្រុកំពង់ត្រាច ខេត្តកំពត
ទី៤៖ លោក ង៉ែត ខន សមាជិកក្រុមប្រឹក្សាស្រុកជុំគិរី
ទី៥៖ លោក ប្រៀប ហ៊ុន មេឃុំជម្ពូវ័ន ស្រុកជុំគិរី
​ទី៦៖ លោក សន អូក សមាជិកក្រមប្រឹក្សា​ឃុំជម្ពូវ័ន ស្រុកជុំគិរី
ទី៧៖ លោក ធូ ម៉ឹន សមាជិកក្រុមប្រឹក្សាឃុំច្រេស ស្រុកជុំគិរី
ទី៨៖ លោក មិន ឈាង ជំទប់ទី១ ឃុំច្រេស ស្រុកជុំគិរី
ទី៩៖ លោក ផា កន សមាជិកក្រុមប្រឹក្សា ឃុំត្រពាំងរាំង ស្រុកជុំគិរី
​ទី១០៖ លោក ជួន ហុក សមាជិកក្រុមប្រឹក្សាស្រុកជុំគិរី
​​ទី១១៖ លោក ស៊ិន ផានិត ជំទប់១ ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត

គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​ទាំង១១រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕