(ឧត្តរមានជ័យ) ៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៩៣០ គ្រួសារ ស្ថិតនៅក្នុងស្រុក-ក្រុង ទាំង៥ នៃខេត្តឧត្តរមានជ័យ។

ពិធីចុះសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំង ២ផ្សេងគ្នា ៖
១-ទីតាំងទី ១ ក្នុងបរិវេណសាលាស្រុកអន្លង់វែង ចែកជូនប្រជាពលរដ្ឋចំនួន ២៧២ គ្រួសារ
២-ទីតាំងទី ២ ក្នុងបរិវេណសួនច្បារទីរួមខេត្តឧត្តរមានជ័យ ចែកជូនប្រជាពលរដ្ឋចំនួន ៦៥៨ គ្រួសារ

ក្នុងឱកាសនៃពិធីចែកអំណោយនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបអំពីតម្លៃនៃសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានោះ លោកវេជ្ជ. អ៊ុយ សំអាត ក៏បានផ្ដាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចេះការពារខ្លួនពីជំងឺអេដស៍ មេរោគអេដស៍។ ម្យាងវិញទៀត ត្រូវចេះស្រឡាញ់រាប់អានយកអាសាគ្នាទៅវិញទៅមក និងជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើងក្នុងគ្រួសារ និងសង្គមជាតិ ។ សូមបងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។ ជាងនេះទៅទៀត យើងមិនត្រូវជឿលើការឃោសនាអកុសល និងការបោកប្រាស់របស់ជនអគតិមួយចំនួន ដែលចង់បង្កបញ្ហាដែលនាំឲ្យមានអសន្តិសុខក្នុងសង្គម។

ប្រជាពលរដ្ឋដែលមកទទួលផលបានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងយកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១៕