(កំពង់ចាម)៖ ​អតីត​មេឃុំ សមាជិកក្រុមប្រឹក្សា និងបេក្ខជនបម្រុង ក្នុងស្រុកស្រីសន្ធរ និងស្រុកបាធាយ ខេត្តកំពង់ចាម​សរុប៧នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា​ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ​​​​ទាំង៦រូបនេះ រួមមាន៖
​ទី១៖ លោក ស៊ូ សេងហ៊ាង មេឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ទី២៖ លោក ម៉ែន មុន្នី អាយុ៦៤ឆ្នាំ ជំទប់ទី១ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ
ទី៣៖ លោក សេង ស៊ា អាយុ៤៥ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ
ទី៤៖ លោកស្រី ប៉ាវ ស៊ីមអ៊ន់ អាយុ៥៥ឆ្នាំ មេឃុំព្រែករំដេង ស្រុកស្រីសន្ធរ
ទី៥៖ លោក ផេង ផាត់ អាយុ៦៤ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំព្រែករំដេង ស្រុកស្រីសន្ធរ
ទី៦៖ លោក មីន ធីន អាយុ៤១ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ស្រុកបាធាយ
ទី៧៖ លោក អែម​ សម្បត្តិ អាយុ៥៩ឆ្នាំ អតីតបេក្ខជនបម្រុងឃុំតាអុង ស្រុកចំការលើ​។

អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​ទាំង៧រូបនេះ ដែលសុំចូលរួមរស់ជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕