(ភ្នំពេញ)៖ លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូងអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា លោកត្រូវបានជនខិលខូច លួចយករូបភាព និងឈ្មោះ ទៅបង្កើត Facebook ក្លែងក្លាយ ដើម្បីប្រើប្រាស់ក្នុងគោលបំណងមិនល្អ។

ជាមួយគ្នានេះលោក ស្រ៊ី ថាមរ៉ុង ក៏បានអំពាវនាវឲ្យមិត្តភក្តិក្នុង Facebook ជួយសហការទប់ស្កាត់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានមិនពិត ដែលចេញដោយគណនី Facebook ក្លែងក្លាយនោះ។

លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលរូបនេះ ក៏បានជំរុញជនដែលខួចបង្កើតគណនី Facebook ក្លែងក្លាយរបស់លោក ត្រូវបញ្ឈប់អំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់។

សូមជម្រាបថាកាលពីម្សិលមិញ Facebook របស់លោកឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ក៏ត្រូវបានជនអនាមិកលួចយក (Hack) លួចយកទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អផងដែរ ហើយលោកក៏បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ ចំពោះការប្រើប្រាស់របស់ Facebook នោះក្នុងអំពើទុច្ចរិត៕