(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន នឹងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធដាក់បញ្ជូលបញ្ហាបរិស្ថាន បញ្ហាធនធានធម្មជាតិនៅក្នុងផែនការ និងអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអភិវឌ្ឍកម្ពុជាឲ្យក្លាយ ជាសង្គមមួយមានភាពបៃតង មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានចីរភាព និងមានការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ ដើម្បីឆ្លើយតបនឹងសេចក្តី ត្រូវការរបស់ប្រជាជន។

លោក សាយ សំអាល់ ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជា អធិបតីភាពការរៀបចំវេទិកា ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ លើកទី៣ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក សាយ សំអាល់ បានបន្តថា ក្រសួងបរិស្ថាន បានបញ្ចប់សេចក្តីព្រាង យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្របធនធានធម្មជាតិ ការអភិរៈជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ក្រសួងបរិស្ថាន កំពុងដឹកនាំសម្របសម្រួល «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដែលជាក្របខណ្ឌគតិយុត្តមួយរបស់ជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន ដើម្បីជំរុញការធ្វើមជ្ឈការមុខងារ និងកិច្ចគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ប្រមុខក្រសួងបរិស្ថាន បានបញ្ជាក់ថា ការធ្វើសមាហរណកម្មលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ នៅក្នុងក្របខណ្ឌច្បាប់ជាតិ ដើម្បីទាក់ទាញយកនូវឱកាសសេដ្ឋកិច្ចថ្មីៗ ស្របតាមនិន្នាការនយោបាយពិភពលោក។ សេចក្តីព្រាងក្រមបរិស្ថាន កំពុងត្រូវបានពិនិត្យ និងកែសម្រួលចុងក្រោយនៅក្នុងកិច្ចប្រជុំក្រុមការងាររៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងត្រូវបញ្ចប់នឹងអនុម័តតាម នីតិវិធីច្បាប់ក្នុងពេលឆាប់ៗនេះ៕