(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់ក្រុមជនក្បត់ជាតិនោះឡើយ​ ហើយការអនុវត្តន៍ច្បាប់ទៅលើជនក្បត់ជាតិ ក៏ដូចជាការរំលាយអតីតគណបក្សសង្រ្គោះជាតិ មិនប៉ះពាល់ដល់ដំណើរការរបស់កម្ពុជានោះដែរ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លៀតបញ្ជាក់ដែរថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ និងអ្នកនយោបាយដែលជាប់ទោសព្រហ្មទណ្ឌ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ)

ការមានប្រសាសន៍បែបនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «អ្វីដែលបានកើតក្នុងប្រទេសកម្ពុជានេះ បង្ហាញថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ មានតែពួកនយោបាយដែលមានវិបត្តិខ្លូនឯង ប្រទេសកម្ពុជាអ្នកទោសនយោបាយទេ ក៏ប៉ុន្ដែមានតែអ្នកនយោបាយជាប់​​ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ​។ ប្រទេសកម្ពុជាមួយនេះ មិនមែនជាចំណាប់ខ្មាំងរបស់នរណានោះទេ បើទោះបីនរណាត្រូវជាប់គុក ជាប់ច្រវ៉ាក់ដោយសារទង្វើខុស ទង្វើក្បត់ជាតិរបស់ពួកគេ ក៏កម្ពុជានៅបន្តអភិវឌ្ឍន៍ទៅមុខ»

ពាក់ព័ន្ធការអនុវត្តន៍ច្បាប់ចំពោះជនក្បត់ជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏កំពុងអនុវត្តន៍ផងដែរ។ ក្នុងនោះជនជាតិអាមេរិក៣នាក់ ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថាឃុបឃិតជាមួយប្រទេសរុស្ស៊ី ដើម្បីបន្លំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់បើនៅអាមេរិកអាចអនុវត្តន៍ចំពោះជនក្បត់ជាតិ កម្ពុជាក៏អាចអនុវត្តន៍ច្បាប់ចំពោះជនក្បត់ជាតិផងដែរ៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងក្រោម)