(កណ្ដាល)៖ ព្រះរាជអាជ្ញាខេត្តកណ្ដាល លោក លាវ ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច​បើកការស្រាវជ្រាវជាបន្ទាន់មួយ ជុំវិញករណីជម្លោះក្នុងកាស៊ីណូ «ថ្មពេជ្យ» ស្ថិតក្នុង​ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ដែលរហូតឈានដល់ការផ្ទុះអាវុធ ដោយក្រុមសន្ដិសុខក្នុងកាស៊ីណូ បានបាញ់មកដល់ភាគីម្ខាងទៀតដែលមានគ្នាម្នាក់ឯង ហើយក្រុមសន្ដិសុខនោះ​​ចោទការប្រកាន់ថា បានចូលមកប្លន់ក្នុងកាស៊ីណូនោះ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០​១៧នេះថា ក្រោយកើតហេតុភ្លាមៗ លោកបានរាយការណ៍ជូនព្រះរាជអាជ្ញា ហើយបើតាមចម្លើយសារភាព និងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនោះ ព្រមទាំងការស៊ើបអង្កេតតាមជំនាញមួយចំនួនទៀតនោះ ជាលទ្ធផលបង្ហាញថា ករណីនេះមិនមែនរឿងប្លន់នោះទេ​ ព្រោះបុរសដែលត្រូវបានក្រុមសន្ដិសុខកាស៊ីណូចោទប្រកាន់នោះ បានចូលទៅម្នាក់ឯង។ បើប្លន់នៅក្នុងកាស៊ីណូមែននោះ ក្រុមចោរមិនមែនមានគ្នាម្នាក់ឯងនោះឡើយ គឺអាចមានគ្នាច្រើន។

ជាក់ស្ដែងនៅរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជា្រវយ៉ាងយកចិត្តទុកដាក់ ដែលប្រតិបត្តិការនេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី រឿន ណារា ស្នងការរង សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ដោយចុះទៅទីតាំងកើតហេតុផ្ទាល់តែម្ដង។

បើតាមការរៀបរាប់ពីលោកឧត្តមសេនីយ៍ស្នងការ នៅមុនពេលកើតហេតុបុរស ដែលរងការចោទប្រកាន់ឈ្មោះ​ អ៊ុ សុភ័ក្រ ​អាយុ៣៤ឆ្នាំ មានមុខរបរ នាយផ្នែកស្រាវជ្រាវស៊ើបការ​ក្រៅ និងបច្ចេកទេស នៃនាយកដ្ឋានប្រឆាំងភារវកម្ម ក្រសួងមហាផ្ទៃ រស់នៅសង្កាត់សែនសុខ ​ខណ្ឌសែនសុខ បានអង្គុយផឹកស៊ីនៅម្ដុំមុខទីតាំងកាស៊ីណូ ជាមួយមិត្តភ័ក្រជាជនជាតិចិន ហើយក្រោយពីផឹកអស់ប្រមាណ ៣០កំប៉ុង ស្រាប់តែបុរសនោះ បានដើរចូលនៅក្នុងការស៊ីណូនោះ រួចកើតរឿងនេះតែម្ដង។

ប៉ុន្ដែបើទោះជាយ៉ាងណា បើមើលតាមវីដេអូដែលបង្ហាញ ដោយកាមេរ៉ាសុវត្ថិភាពនោះ បុរសនោះបានដើរចូលទៅក្នុងកាស៊ីណូ ដោយដៃកាន់កាំភ្លើងពិតប្រាកដមែន តែមិនបានធ្វើការបាញ់បោះនោះទេ ប៉ុន្ដែក្រុមសន្ដិសុខនៅក្នុងកាស៊ីណូនោះ ដែលមានកាំភ្លើងនៅក្នុងដៃដែរនោះ បានបើកការបាញ់ប្រហារមកដល់បុរសនោះមុន​ ប៉ុន្ដែការបាញ់ប្រហារនោះ មិនបណ្ដាលឲ្យត្រូវជនណាម្នាក់នោះទេ ពោលគឺបាញ់ទៅលើតុសង្វៀនតែប៉ុណ្ណោះ។ ក្រោយបាញ់ប្រហាររួច ក្រុមសន្ដិសុខនៅក្នុងកាស៊ីណូដែលមានកាំភ្លើងនោះ បាននាំគ្នីគ្នាចាប់ព្រួតវាយបុរស នោះតែម្ដង។​

យ៉ាងណាមិញ ជុំវិញករណីនេះ មហាជនកំពុងតែមានចម្ងល់ក្នុងចិត្តថា បើសិនជាករណីប្លន់ពិតប្រាកដមែននោះ ជនសង្ស័យមិនមែនដើរចូលតែម្នាក់ឯងនោះទេ ច្បាស់ណាស់ពិតជាមានគ្នាច្រើន ហើយរឿងដែលកាន់តែបង្កឲ្យមានចម្ងល់បន្ថែមទៀតនោះ ​ហេតុអ្វីបានជាក្រុមសន្ដិសុខ ក្នុងកាស៊ីណូ «ថ្មពេជ្យ»នោះ មានកាំភ្លើងនៅក្នុងដៃទៅវិញ។

សូមជម្រាបថា នៅយប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នៅកាស៊ីណូ «ថ្មពេជ្យ» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល មានករណីបានកើតឡើងដោយ តំណាងកាស៊ីណូបានអះអាងថា មានបុរស​កាន់កាំភ្លើងខ្លី១ដើម ចូលទៅភ្ជង់ប្លន់ក្នុងកាស៊ីណូ «ថ្មពេជ្យ»។

បច្ចុប្បន្ន​បុរសដែលរងការចោទប្រកាន់ថា បានចូលទៅប្លន់កាស៊ីណូនោះ ពេលនេះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក៏ព្រោះតែត្រូវបានក្រុមសន្ដិសុខ នាំគ្នាវាយយ៉ាងដំណមផងដែរ៕