(ភ្នំពេញ)៖ អគារ៤២ជាន់ «Golden Tower 42th» ដែលគេឮថាជាអគារខ្ពស់ជាងគេនៅកម្ពុជា ជាប់ស្ដុតពេទ្យចិននោះ នឹងដំណើរការសាងសង់ឡើងវិញក្នុងពេលឆាប់ៗនេះ ក្រោយផ្អាកបណ្តោះអាសន្នកាលពីឆ្នាំ២០០៨។ បើតាមការប្ដេជ្ញារបស់ប្រធានក្រុមហ៊ុនម្ចាស់អគារ៤២ជាន់នេះ។

សំណង់អាគារខ្ពស់ទី១នេះ ត្រូវបានផ្អាកដំណើរការសាងសង់​របស់​ខ្លួន​ទាំងស្រុ​ង​ បន្ទាប់ពីទទួលរងនូវវិបត្តិ​ហិរញ្ញវត្ថុ​សកល ​ឆ្នាំ២០០៨។

ថ្វីត្បិតតែវិបត្តិហិរញ្ញវត្ថុសកល​លោកបានអូសបន្លាយ អស់​រយៈពេល​​ជាច្រើនឆ្នាំក៏ដោយ ក៏ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd មិន​បាន​ចាកចេញ​ពីវិស័យសំណង់​នេះ​ឡើយ ដោយក្រុមហ៊ុននៅតែមានក្តីជឿជាក់យ៉ាងមុតមាំថា វិស័យសំណង់នៅកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd នៅតែបន្តខិតខំស្វែងរកគ្រប់មធ្យោបាយដោះស្រាយរាល់បញ្ហាប្រឈម​មុខទាំងអស់ ដើម្បី​អាច​​សម្រេចតាមបំណងប្រាថ្នា ក៏ដូចជាពាក្យសន្យាដែលខ្លួនបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

សំណង់អាគារខ្ពស់នេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ក្រុមហ៊ុន Yon Woo ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ មេត្តាអធ្យាស្រ័យ និងផ្តល់ឱកាសឲ្យ​ក្រុមហ៊ុន​ក្នុងការ​បន្ត​ការ​សាងសង់ ​ដើម្បីសម្រេច​បាន​តាមបំណងប្រាថ្នា ក៏ដូចជាពាក្យសន្យារបស់ខ្លួន​ឡើងវិញ​ម្តង​ទៀត​៕