(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបក្រុមគ្រឿងញៀនបាន១០នាក់ នៅស្រុកបាធាយ និងស្រុកកំពង់សៀមរាប និងដកហូតបានថ្នាំញៀនមួយចំនួន នៅពេញមួយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧, នេះបើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីទី១៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែវិច្ឆិកា​ នៅចំណុចភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ​ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតបាន ម្សៅក្រាមពណ៌ស​​ចំនួន៤២កញ្ចប់ លុយ៨០,០០០រៀល ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ​​០១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួនមុខសញ្ញាចែកចាយ០២នាក់ខាងលើ មានមុខសញ្ញាប្រើប្រាស់បានទូរស័ព្ទ មកទិញថ្នាំញៀនបន្តបន្ទាប់មាន ៤នាក់ផ្សេងទៀត ហើយក៏ត្រូវបង្ក្រាបបាន និងដកហូតបាន ទូរស័ព្ទ០៦គ្រឿង ម៉ូតូ០៣គ្រឿង ប្រាក់រៀល១០០,០០០រៀល។

ករណីទី២ នៅវេលាម៉ោង៧យប់ ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយលោក​វរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ទោ អ៊ឹម ស៊ាងឌី នាយការិយាល័យប្រឆាំងគ្រឿងញៀម ចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់) នៅចំណុចក្រោមស្ពានគីហ្សូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ដោយឡែកករណីទី៣ លោកស្នងការបញ្ជាក់ថា នៅវេលាម៉ោង​០៩៖៣០នាទីយប់​ នៅចំណុចភូមិជាលាឃុំជាលា ស្រុកបាធាយ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ​ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់។

បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់៕