(ភ្នំពេញ)៖ ជាប្រតិកម្មតបទៅនឹងក្រុមប្រទេស ដែលកំពុងធ្វើសកម្មភាពប្រឆាំងការអនុវត្តន៍ច្បាប់របស់កម្ពុជាលើទង្វើក្បត់ជាតិរបស់ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង ក៏ដូចជាការរំលាយអតីតគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាមួយសម្តីធ្ងន់ៗ និងខ្លាំងៗថា កត្តាកំណត់ដំណើរការរបស់កម្ពុជា គឺអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា មិនមែនអាស្រ័យលើការកំណត់របស់បរទេសនោះឡើយ។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ)

ថ្លែងទៅកាន់កម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីបណ្តារោងចក្រនានានៅតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេ នាព្រឹកថ្ងៃទី០៤ ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ដែលគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា ថែមទាំងបញ្ជាក់ទៀតថា សម្តេចឱនក្បាលតែជាមួយប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ មិនឱនក្បាលជាមួយបរទេសបំពានអធិបតេយ្យ និងឯករាជជាតិនោះនឡើយ។

«ខ្ញុំសូមបញ្ជាក់ កត្តាសម្រេចកំណត់ សម្រាប់ប្រទេសមួយ មិនមែនបរទេសទេ បរទេសយើងត្រូវមានសហប្រតិបត្តិការ ដែលស្មើភាព និងស្មើសិទ្ធិ យើងត្រូវធ្វើមិត្តទាំងអស់ នៅលើពិភពលោកនេះ ប៉ុន្តែមិនត្រូវឲ្យគេ មកធ្វើជាចាហ្វាយរបស់យើងទេ ចាហវាយពិតប្រាកដរបស់រាជរដ្ឋាភិបាល ឬ គណបក្សនយោបាយមួយ គឺប្រជាជន ក្នុងនេះ គណបក្សប្រជាជនកម្ពុជា ឬខ្ញុំ ខ្ញុំឱនក្បាល តែជាមួយប្រជាជនរបស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំមិនដែលឱនក្បាលជាមួយបរទេសនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតប្រតិកម្មតបជាមួយសហរដ្ឋអាមេរិក ដែលប្រកាសដកជំនួយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បើតាមសម្តេចតេជោ ហ៊ុន សែន ការផ្តល់ជំនួយរបស់អាមេរិក មក គ.ជ.ប ក៏ជាឱកាសដែលអាមេរិកដាក់មនុស្សរបស់គេមកធ្វើការក្នុងស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជាផងដែរ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការប្រកាសដកជំនួយរបស់អាមេរិកសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិនេះ មិនបានបង្កជាបញ្ហាសម្រាប់ដំណើរការបោះឆ្នោតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការបោះឆ្នោតនៅតែដំណើរការជាធម្មតានៅឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩លាននាក់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។

កិច្ចសំណេះសំណាលនាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីធានាបាននូវការងារ ក៏ដូចជាមុខរបរដែលកំពុងមាននាពេលបច្ចុប្បន្ន៕