(កំពង់ចាម)៖ ​អតីតសមាជិកក្រុមប្រឹក្សា​ និងជំទប់ ក្នុងស្រុកកងមាស ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម​​ សរុប៦នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា​ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ​​​ទាំង៦រូបនេះ រួមមាន៖​

ទី១៖ លោក ហង្ស ហាក់ស្រ៊ិន អាយុ៦១ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម
ទី២៖ លោក យិន ភារ អាយុ៦៦ឆ្នាំ ជំទប់ទី២ឃុំអារក្សត្នោ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទី៣៖ លោក ឃន ដារ៉ា ជំទប់ទី១ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទី៤៖ លោក គង់ សុខា អាយុ៤៩ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទី៥៖ លោកស្រី នុក វ៉ានី អាយុ៥៤ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម
ទី៦៖ លោក ហុង សារឿន អាយុ៥៩ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៦​​​រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកានេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕