(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាអភិបាលរងរាជធានី និងលោកស្រី រួមទាំងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ និងសាច់ញាតិរបស់ជនរងគ្រោះជាច្រើននាក់ទៀត បាននិមន្តព្រះសង្ឃចំនួន៩៩អង្គ រៀបចំពិធីរាប់បាត្រ បង្សុកូលដើម្បីឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុនៅលើអតីតស្ពានពេជ្រ ដោយបួងសួងសុំឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់សុគតិភព​។

​ក្នុងឱកាសនោះ​លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា បានឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ​ម្នាក់ៗ ២០ម៉ឺនរៀល​។

​ក្រៅពីរៀបចំតាមសាសនាឧទ្ទិសកុសល ដល់ជនរងគ្រោះដែលបានលាចាកលោកទៅហើយនោះ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាលោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ចំពោះការបាត់បង់សមាជិកគ្រួសារ ក្នុងហេតុការដ៏សោកសង្រេងនេះកាលពី៧ឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ពោលគឺកាលពី៧ឆ្នាំមុន មានឧបទ្ទវហេតុដ៏អាក្រក់មួយបានកើតឡើង នៅលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដោយក្រុមមនុស្សជាន់គ្នា និងបណ្តាលឲ្យមានមនុស្សរងគ្រោះស្លាប់ ៣៥៣នាក់ និងរបួសរាប់រយនាក់យ៉ាងអណោចអធ័មបំផុត៕