(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យ​សម្ព័ន្ធនិស្សិតពេទ្យមុស្លិមកម្ពុជា​២៤រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ផ្តាំផ្ញើល្អៗ សម្រាប់កម្មវិធីទស្សនកិច្ចសិក្សា ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យពេទ្យសាំងហ្គាពួរ (NUS)។

ក្នុងជំនួបនេះដែរ ក៏មានវត្តមាន លោក ហ្សាការីយ៉ា អាដាម រដ្ឋ​មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង​លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និង​សមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធយុវជនមុស្លិមកម្ពុជាផងដែរ។

តាមការបញ្ជាក់ជូនពី លោកវេជ្ជបណ្ឌិត កូប រ៉ូលី អ្នកដឹកនាំក្រុមនិស្សិតក្នុងកម្មវិធីទស្សនកិច្ចខាងលើ បានឲ្យដឹងថា ក្រោមកិច្ចសហការទំនាក់ទំនងល្អរវាង សមាគមគ្រូពេទ្យឥស្លាមកម្ពុជា ជាមួយមន្ទីរពេទ្យសសាកលវិទ្យាល័យជាតិសាំងហ្គាពួរ គឺភាគីសាំងហ្គាពួរបានអនុញ្ញាតិឲ្យនិស្សិតគ្រូពេទ្យមុស្លិមកម្ពុជា រៀបចំកម្មវិធីទស្សនកិច្ចនេះ ទៅកាន់ប្រទេសាំងហ្គាពួរ ដើម្បីពង្រឹងកិច្ចទំនាក់ទំនង ចែករំលែកបទពិសោធន៍ និង​ផ្តល់ឱកាសដល់និស្សិតពេទ្យកម្ពុជា បានសិក្សាស្វែងយល់បន្ថែមពីវិទ្យាសាស្រ្តពេទ្យ នៃប្រទេសដែលជឿនលឿន។ លោកបន្តថា ក្នុងនាមសម្ព័ន្ធនិស្សិតពេទ្យ បានប្តេជ្ញានឹងខិតខំស្វែងយល់ និង​សិក្សាឲ្យស៊ីជម្រៅក្នុងកំឡុងពេលទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានសម្រួល និងលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើន ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺបានធ្វើឲ្យវិស័យអប់រំសុខាភិបាល មានការកើនឡើងយ៉ាងខ្លាំង ជាផ្នែកមួយដែលបានដើរតួនាទីឲ្យសង្គមកម្ពុជា​មានការរីកចម្រើន។

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរពីការលះបង់តស៊ូររបស់ប្អូនៗនិស្សិតពេទ្យដែល មានឆន្ទៈតស៊ូ ស្វះស្វែងរកដៃគូរសហការ ពង្រឹងទំនាក់ទំនង ដើម្បីទទួលបានបទពិសោធន៍ល្អៗ ពីបណ្តាប្រទេសដែលមានភាពជឿនលឿនលើវិស័យសុខាភិបាល ដើម្បីយកមកអនុវត្តបម្រើសង្គមកម្ពុជា​វិញ។

លោកក៏បានផ្តាំផ្ញើថា ដើម្បីក្លាយជាបុគ្គល និងគ្រូពេទ្យល្អ ដែលជោគជ័យក្នុងឆាកជីវិត សូមកុំមានទស្សនៈថា ខ្លួនខំប្រឹងរៀនវិទ្យាសាស្រ្តពេទ្យដើម្បីធ្វើអាជីវកម្ម តែត្រូវតាំងខ្លួនថា នឹងត្រូវត្រៀមខ្លួនក្លាយជាអ្នកដែលបម្រើដល់អាយុជីវិតមនុស្ស ក៏ដូចជាអាយុជីវិតជាតិ​ទាំងមូល ដោយឈរលើក្រមសីលធម៌គ្រូពេទ្យដ៏ល្អ ផ្តាំឲ្យសម្ព័ន្ធនិស្សិតគ្រប់គ្នា ត្រូវមានឆន្ទៈធ្វើការរួមសហសការគ្នា ដើម្បីឆ្ពោះទៅសម្រេចភារកិច្ច​ដ៏ជោគជ័យបាន ហើយការសម្ងំមិនចូលរួមសាមគ្គីគ្នា ក្នុងការបំពេញការងារជូនសង្គមយើង គឺជាកត្តាដែលសសនាំឲ្យមានភាពបរាជ័យជាមិនខាន។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភប្រាក់ហោប៉ៅ ដល់និស្សិតពេទ្យទាំង២៤រូប ក្នុងម្នាក់ៗទទួលបាន ថវិកា៥០ដុល្លា​រផងដែរ៕