(កំពត)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរ នៅសាលាខេត្តកំពត ដែលជាវគ្គបណ្ដុះបណ្ដាលមិនបង់ថ្លៃលើកដំបូងនៅកម្ពុជា គាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ (ADB Loan No.3194-CAM) សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរនេះ លោក ថោង ខុន បានណែនាំមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរ ជំនាន់ទី២ ឲ្យត្រៀមលក្ខណៈផ្ដល់សេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ ជាពិសេសនាឱកាសបុណ្យសមុទ្រ ខាងមុខនេះ។

វគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន លោក ចាន់ ចេស្ដា អភិបាលខេត្តកែប តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់ទៀត និងសិក្ខាកាមចំនួន ៣៤នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរនេះ សិក្ខាកាមមិនបាច់បង់ថវិកាឡើយ ដែលជាវគ្គបណ្តុះបណ្តាលដំបូងមិនធ្លាប់មានពីមុនមក។

វគ្គនេះមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាកង្វះខាតមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់ឆ្នេរនេះប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាស​ដល់សិស្ស-និស្សិត យុវជន ដែលមានចំណេះដឹង តែពុំមានលទ្ធភាពសិក្សាលើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍មានឱកាសបានចូលរៀន និងចាប់យកអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បី រួមចំណែកក្នុងការអភិវឌ្ឍន៏ វិស័យទេសចរណ៏ តំបន់ឆ្នេរ ដែលកំពុងត្រូវការធនធានមនុស្សយ៉ាងច្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង បាននិងកំពុងបោះជំហានរីកចម្រើនជាលំដាប់
ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ជាក់ស្តែង រយៈពេល៩ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣,៩១២,៧៦១នាក់ កើនឡើងប្រមាណ ១១.៥%។ ដោយឡែកតំបន់ឆ្នេរទទួលបានទេសចរអន្តរជាតិចំនួន ៥៥៤,៦១៣នាក់ កើនឡើង ១៥.៧%។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ ១លាននាក់។

លោក ថោង ខុន​ ថែមទាំងបានស្នើដល់បណ្តាប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ បន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន និងរៀបចំកែទម្រង់អាជីវកម្ម ស្របតាមស្តង់ដារគុណភាពសេវាកម្ម ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ និងបន្តគិតគូរដល់ការរៀបចំឲ្យមានខ្សែទស្សនកិច្ចក្នុងស្រុក
ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗឲ្យបានកាន់តែច្រើន ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុកផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៧ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនក្រុងកំពត
ដែលការសិក្សានឹងត្រូវបានធ្វើឡើងចំនួន៦ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។

សូមជម្រាបថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៧នេះ កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ដែលមានអាជ្ញាប័ណ្ណចំនួន ៥,១១២នាក់ ក្នុងនោះមានមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាបចំនួន ៤,១៨៧នាក់ ភ្នំពេញ មាន៨៨៧នាក់ រីឯតំបន់ឆ្នេរទើបមានចំនួនចំនួន ៣៨នាក់ ប៉ុណ្ណោះ ខណៈដែលតំបន់ឆ្នេរខេត្តទាំង ៤ ត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍យ៉ាងច្រើន នៅឆ្នាំ២០២០ខាងមុខ៕