(ភ្នំពេញ)៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក សុខ រដ្ឋា បានដាក់លិខិតទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ដោយស្នើសុំអន្តរាគមន៍ទៅក្រុមប្រឹក្សាភិបាលការ ផ្សាយនៃវិទ្យុអាស៊ីសេរី ដើម្បីទូទាត់ប្រាក់អត្ថប្រយោជន៍ការងារ ក្រោយពេលវិទ្យុអាស៊ីសេរី​ប្រកាសបិទការិយាល័យនៅរាជធានីភ្នំពេញ។

នៅក្នុងលិខិតរបស់លោក​ សុខ រដ្ឋា បានសរសេរបញ្ជាក់ថា៖ «កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក សម ប៉ូលី នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ បានប្រកាសប្រាប់អ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកទាំងអស់នៅរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជាថា ក្រុមប្រឹក្សាភិបាលការផ្សាយនៃវិទ្យុអាស៊ីសេរី​​ បានសម្រេចបិទការិយាល័យនៅភ្នំពេញ ដោយបញ្ចប់កិច្ចសន្យា​ ការងារទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា។ សាជីវកម្មវិទ្យុអាស៊ីសេរី សន្យាទូទាត់ និងផ្តល់អត្តប្រយោជន៍ការងារ ស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខ្ញុំបាទត្រូវទទួលបានប្រាក់សរុបចំនួន២៨០០០ដុល្លារ។

លោក​ សុខ រដ្ឋា បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ បុគ្គលិកវិទ្យុអាស៊ីសេរីដែលបានបញ្ចប់កិច្ចសន្យាទាំងអស់ទទួលបានប្រាក់ អត្តប្រយោជន៍ការងាររួចរាល់ហើយ នាខែតុលាកន្លងមកនេះ ប៉ុន្តែខ្ញុំបាទនៅមិនទាន់ទទួលបាននៅឡើយ។

សូមជំរាបថា លោក សុខ រដ្ឋា និងលោកស្រី អ៊ុក សាវបូរី អតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៉ីសេរី ប្រចាំនៅប្រទេសកម្ពុជា នៅម៉ោង១០ព្រឹកថ្ងៃទី២២ ខែវិច្ឆិកាស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការទាមទារប្រាក់អត្ថប្រយោជន៍ការងារ ក្រោយពេលវិទ្យុអាស៊ីសេរីប្រកាសបិទ ការិយាល័យនៅភ្នំពេញ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៧។