(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលាលែងពីតំណែងរបស់ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៣រូបកូតាគណបក្សសង្គ្រោះជាតិ គឺជាភព្វសំណាងរបស់កម្ពុជា ព្រោះថាការលាឈប់នេះ បង្ហាញយ៉ាងច្បាស់តាំងពីមុនមក ពួកគេធ្វើការក្នុង គ.ជ.ប គឺមិនមានឆន្ទៈតម្លាភាព ឯករាជ្យភាព អព្យាក្រឹត្យឡើយ គឺធ្វើតាមការបង្កប់បញ្ជាបក្សរបស់ពួកគេ ដែលបម្រើឲ្យពួកបរទេស។

សមាជិក គ.ជ.ប ទាំង៣នាក់ កូតាមកគណបក្សសង្គ្រោះជាតិ ដែលដាក់ពាក្យសុំលាលែងពីតំណែងនោះ រួមមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចតុលាការកំពូល។

លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា គ.ជ.ប គឺស្ថាប័នឯករាជ្យសុទ្ធសាធ កំពុងដំណើរការប្រកបដោយឯករាជ្យភាព ហើយថ្នាក់ដឹកនាំ របស់ គ.ជ.ប ដែលមានចាប់ពីសមាជិក អនុប្រធាន និងប្រធាន គឺសុទ្ធតែជាក្តីសង្ឃឹម និងជំនឿជឿជាក់របស់ជាតិខ្មែរ និងអន្តរជាតិ។ ពួកគេបានដាក់ពាក្យលាលែង ពីគណបក្សនយោបាយ ដែលខ្លួនធ្លាប់ស្ម័គ្រស្មោះ និងបម្រើ ដើម្បីធ្វើការងារនៅ គ.ជ.ប ឲ្យមានតម្លាភាព និងអព្យាក្រឹត្យ។

លោកបន្តថា ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណ​បក្សនយោបាយ ធ្វើតាមបង្កប់បញ្ជារបស់បរទេស ហើយដែលថ្នាក់ដឹកនាំមានប្រវត្តិកូនអ្នកក្បត់ជាតិទៀតនោះ គឺបង្ហាញយ៉ាងច្បាស់ថា សកម្មភាពក្បត់ជាតិ របស់គណបក្សនយោបាយ ដែលរៀបចំឡើងជាប្រព័ន្ធនេះ ហើយបានចាក់ឬសយ៉ាងជ្រៅ សូម្បីស្ថាប័ន គ.ជ.ប ដែលឯករាជ្យ ក៏មានការរៀបចំរួចរាល់ផងដែរ ដើម្បីបង្កភាពស្មុគស្មាញសង្គមជាតិ។

លោកទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងថា «ការលាលែងរបស់សមាជិក គ.ជ.ប ទាំង៣រូប គឺជាភព្វសំណាងរបស់កម្ពុជា។ ពួកគេមិនមានឯករាជ្យភាពនោះទេ ប្រសិនបើគណបក្សគេឈ្នះ គេអបអរសាទរ ប៉ុន្តែបើគេចាញ់វិញ គេនឹងលើកយករឿងមកកកូរកកាយ ហើយបង្កើតរូបភាពដូចយើងធ្លាប់ឃើញរួចហើយ គឺជារូបភាពបង្កលក្ខណៈស្មុគស្មាញ ដែលពេលខ្លះចោទថា លួចបន្លំសន្លឹកឆ្នោតជាដើម»

លោកទេសរដ្ឋមន្ត្រីបានលើកជាឧទារហ៍ ចំពោះករណី លោក រ៉ុង ឈុន ដែលពីមុនគេមិនបានចាត់ទុកថា លោកគឺជាសមាជិកជាន់ខ្ពស់ គណបក្សប្រឆាំងឡើយ គឺជ្រកក្រោម ឈ្មោះប្រធាន សមាគមគ្រូបង្រៀនឯករាជ្យប៉ុណ្ណោះ តែការពិតលោក រ៉ុង ឈុន គឺជាសមាជិកជាន់ខ្ពស់របស់សង្គ្រោះជាតិ រហូតបានក្លាយជាសមាជិក គ.ជ.ប ផងដែរ។ តើនេះ គឺជាការឯករាជ្យពិតប្រាកដ ឬក៏ដើម្បីបម្រើបក្សនយោបាយ ដែលមានគាំទ្រពីបរទេស?។

លោកទេសរដ្ឋមន្ត្រីចាត់ទុកថា «ការលាលែងរបស់សមាជិក និងអនុប្រធាន គ.ជ.ប ទាំង៣រូបនេះ គឺបញ្ជាក់ថា ការព្យាយាមប្រើប្រាស់ គ.ជ.ប ជាមធ្យោបាយចុងក្រោយ សម្រាប់ផ្តួលរំលំរាជរដ្ឋាភិបាល របស់បក្សប្រឆាំង ដែលបានរៀបចំជាប្រព័ន្ធ ជាមួយបរទេសនោះ គឺត្រូវបានបរាជ័យ និងដួលរំលំហើយ»