(ស្វាយរៀង)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាតំណាងឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំមន្រ្តីក្រសួង ផ្តល់ការអប់រំស្តីពីទស្សនាទានព្រះពុទ្ធសាសនា ដល់សិស្ស ជាង៣០០នាក់ និងគណៈគ្រប់គ្រង នៃវិទ្យាល័យរមាសហែក ស្ថិតនៅ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

កម្មវិធីអប់រំខាងលើនេះ រៀបចំនិងដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ពី នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា។

លោក ប៉ែន វិបុល បានបញ្ជាក់ថា ការរៀបចំនេះ បានបង្កើតឡើងឆ្លើយតបទៅ នឹងអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

វាគ្មិនសំខាន់ៗ ដែលបានចូលរួម ក្នុងកម្មវិធីអប់រំនេះ រួមមាន ព្រះមហា ពៅ ខ្លឹម, លោក ទាវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង, ប្រធានការិយាល័យអប់រំស្រុក រមាសហែក លោក គង់ សំអឿន នាយកសាលាវិទ្យាល័យរមាសហែក និងមានការច​ូលរួមពី សិស្សានុសិស្សប្រមាណជាង៣០០នាក់ផងដែរ។

នៅក្នុងឪកាសនោះ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមប្រារព្ធកម្មវិធីនេះ ផ្ទាល់ បានលើកឡើង ពីការដឹងគុណមាតាបិតា លោកគ្រូអ្នកគ្រូ និងបញ្រ្ជាបនូវពុទ្ធឱវាទដល់យុវជន ឱ្យយល់ដឹងបុណ្យបាបគុណទោស សីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឱ្យជៀសផុតអំពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អំពើអនាចារការរំលោភសេពសន្ធវៈ យល់ដឹងពីបញ្ហាសុខភាព ជំងឺអេដស៍ គ្រោះថ្នាក់ចររាចរណ៍ និងក្មេងទំនើង។

ជាការឆ្លើយតប សិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងកម្មវិធីអប់រំនេះ ក៏បានរួមគ្នា ប្តេជ្ញាចិត្តប្រព្រឹត្តខ្លួនជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋល្អតទៅ៕