(កំពង់ធំ)​៖ លោក គង់ វិមាន​ អនុប្រធានទី១ក្រុមការងារចុះជួយស្រុកស្ទោង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារ​ស្រុក ដើម្បីត្រួតពិនិត្យការងារ ធ្វើបច្ចុប្បន្នភាព​សមាជិកគណបក្សនៅស្រុកស្ទោង ដោះស្រាយបញ្ហាប្រឈម និងផែនការបន្តដល់មូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលក្រោយការ​រំលាយរបស់គណបក្សសង្គ្រោះជាតិ​។

លោក គង់ វិមាន បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពរបស់សមាជិកបក្ស គឺដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារ​ណជូនបងប្រជា​ពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព លើសពីនេះទៅ ក្រុមការងារស្រុកត្រូវចុះ ជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយ និងព្រឹក្សារាល់បញ្ហាដែលប្រជាពល​រដ្ឋជួបប្រទះ។

មួយវិញទៀតព្រឹត្តិការណ៍ កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២​០១៧​ថ្មីនេះ តុលាការកំពូល​កម្ពុជា បានចេញសាលដីការស្ថាពរ​រំលាយគណបក្ស​សង្រោះជាតិ និងធ្វើការហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិចំនួន​១១៨ រូបមិនឲ្យធ្វើសកម្មភាពនយោបាយនៅកម្ពុជារយៈពេល​០៥ឆ្នាំ។ ​ការសម្រេចនេះ គឺពាក់ព័ន្ធដល់ការការពារសន្តិសុខសង្គម ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ប្រទេស និងទប់ស្កាត់កាជ្រៀតជ្រែកអធិបតេយ្យភាពជាតិ ពីសំណាក់បរទេសផងដែរ។

លោក គង់ វិមាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀម​ស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ ភាពសុខសាន្តរបស់យើង បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូតលាស់បន្តទៀត៕