(ភ្នំពេញ)៖ លោកឧកញ៉ា ឌី ប៉ូ ព្រមទាំងបុគ្គលិកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍​ទាំងអស់ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល កាលពីល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ លោកឧកញ៉ា ឌី ប៉ូ ក៏បានប្រកាសគាំទ្រពេញទំហឹង នូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។

លោកឧកញ៉ា ឌី ប៉ូ ​បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុត ចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱន ឲ្យបាននោះឡើយ។

លោកឧកញ៉ា ឌី ប៉ូ ព្រមទាំងបុគ្គលិកក្រុមហ៊ុន ​ក៏បានបង្ហាញការគំាទ្រផងដែរ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាប្រឆាំងទប់ស្កាត់ បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។

ក្រោយមានសាលដីកាសម្រេចនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឲ្យសកម្មជន គណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕