(ភ្នំពេញ)៖ ក្រោយតុលាការកំពូលកាត់ក្ដីរំលាយ គណបក្សសង្គ្រោះជាតិ «ក្នុងបទល្មើសក្បត់ជាតិ» អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោក-លោកស្រី ជាចៅសង្កាត់ ចៅសង្កាត់រង ក្នុងជួរអាជ្ញាធរមូលដ្ឋាន នៃខណ្ឌឫស្សីកែវ បន្ទាប់ពីចូលកាន់តំណែងវិញ ដាច់ខាតត្រូវតែខិតខំប្រឹងប្រែង ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើទាំងសេវាសំណូមពរ ក៍ដូចជាសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ។

លោក ជា ពិសី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា ក្នុងនាមអាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ-ក្រុម ចាំបាច់ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការថ្នាំងថ្នាក់ផ្សេងៗដូចជា៖

ទី១៖ ខិតបំរើជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ដោយមិនគិតពេលវេលា និងប្រយោជន៍ផ្ទាល់ខ្លួនជាធំ «ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព»។

ទី២៖ ខិតខំកសាងថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលជាតំរូវការអទ្ធិភាព និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការស្តាលូ ការលុបជង្ហុក សំបុកមាន់ និងបញ្ហាសំរាម ក្នុងភូមិ-សង្កាត់របស់ខ្លួន។

ទី៣៖ ខិតខំប្រមូលកម្លាំងពង្រឹងសាមគ្គីភាព រវាងកងកម្លាំង និងប្រជាការពារ-មេភូមិ-មេក្រុម ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយគ្មានចោរលួច ឆក់ប្លន់ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្របប្រភេទ ក្នុងមូលដ្ឋាន រក្សាភូមិ-ឃុំយើងមានសន្តិសុខ សុវត្ថិភាពពេញបរិបូរណ៍។

ទី៤៖ ត្រូវកែសម្រួលអោយបានរាល់ចំណុចខ្វះខាតកន្លងមក និងទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ដែលទទួលបាន ពីមហាជនក្នុង និងក្រៅមូលដ្ឋាន «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែ និងព្យាបាលដោយខ្លួនឯង»។

លោក ជា ពិសី បានបញ្ជាក់ថា សេចក្តីដូចបានកំណត់ និងដាក់ចេញទាំង៤ចំណុចខាងលើ សូមលោក-លោកស្រី ជាចៅសង្កាត់ ចៅរងសង្កាត់ សមាជិកសង្កាត់ មានភូមិ មេក្រុម និងសមាជិកគណបក្ស ក្នុងមូលដ្ឋានទាំងអស់ ត្រូវអនុវត្តអោយមានប្រសិទ្ធិភាព និងឆ្លើយតបបានតំរូវការរបស់ប្រជាពលរដ្ឋ៕