(បាត់ដំបង)៖ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ បានអះអាងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ សុខចិត្តនៅបម្រើបក្សខ្លួនជាធំ ហើយពុំមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដនោះឡើយ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅមុន និងក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលតុលាការកំពូលបានចេញសាលដីកាលុបចោលទាំងស្រុង ចេញពីបញ្ជីគណបក្សនយោបាយ ខណៈមេបក្សបានក្បត់ជាតិ។

ការថ្លែងបែបនេះក្នុងឱកាសលោកប្រធានគណៈពង្រឹង សំណេះសំណាល និងប្រគល់ផ្លូវចាក់គ្រួសក្រហម១ខ្សែប្រវែង៦,២០០ម៉ែត្រស្ថិតនៅក្នុងភូមិអូសទូកឃុំកំពង់ព្រៀងស្រុកសង្កែ ដោយមានការចូលរួមប្រធានគណបក្សស្រុក.ឃុំ និងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។

អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ លោក ឡោក ហ៊ួរ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងភូមិអូសទូកឃុំកំពង់ព្រៀង ស្រុកសង្កែ ចំនួនជិត២០០នាក់ ដោយបានបញ្ជាក់ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅក្នុងតំណែងសុខចិត្តនៅបម្រើបក្សខ្លួនជាធំ ហើយពុំមានឆន្ទៈបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដនោះឡើយ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅមុននិងក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលតុលាការកំពូលបានចេញសាលដីកាលុបចោលទាំងស្រុង ចេញពីបញ្ជីគណបក្សនយោបាយ ខណៈមេបក្សមួយនេះបានលួចលាក់ជាមួយជនបរទេសក្បត់ជាតិខ្លួន ដោយមានភស្តុតាងច្រើនរឹងមាំដើម្បីចាត់ការរឿងនេះបាន។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា ក្នុងនាមតំណាងរាស្រ្តសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ថា បងប្អូនបានយកបដិភាគផ្ទាល់ខ្លួនជាង២០លានរៀល ទិញគ្រួសក្រហមចាក់ដីធ្វើផ្លូវថ្នល់ចូលទៅវាលស្រែប្រវែង៦,២០០ម៉ែត្រ សម្រាប់ងាយស្រួលចេញចូលក្នុងការដឹកកសិផលចេញមកថ្នល់ជាតិសម្រាប់លក់លើទីផ្សារ ហើយសល់ពីនោះអ្នកតំណាងរាស្រ្តបានចូលរួមចំណែកបំពេញបន្ថែមថវិកាបង្រ្គប់សម្រាប់ចាក់ដីផ្លូវ១ខ្សែនេះមានចំនួន៤,៥០០,០០០រៀលផងដែរ។

ប្រជាពលរដ្ឋក្នុងភូមិទាំងអស់បានរីករាយសប្បាយចិត្តនិងបានថ្លែងអំណរគុណយ៉ាងធំធេងបំផុតដល់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន តាមរយៈតំណាងរាស្រ្តបានយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានកសាងផ្លូវថ្នល់និងប្រឡាយខ្វាត់ខ្វែងមានទឹកគ្រាប់គ្រាន់ធ្វើឲ្យពួកគាត់បានធ្វើស្រែ១រដូវបាន២ដងទៅ៣ដង ស្របពេលឆ្នាំនេះតម្លៃស្រូវលក់បានថ្លៃខ្ពស់ក្នុង១គីឡូក្រាមជាង១ពាន់រៀល ព្រមទាំងបានប្តេជ្ញាចិត្តដូចៗគ្នាថា ពួកគេនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍ភូមិឃុំយើង។

អ្នកតំណាងរាស្រ្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏បានពង្រីកម៉ាស៊ីនសម្ងួតស្រូវខ្នាតធំនៅបាត់ដំបងក្នុងចំណោមខេត្តទាំង១១ ទូទាំងប្រទេស ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារស្រូវអង្ករកម្ពុជា មានទីផ្សារកាន់តែទូលំទូលាយ ធ្វើឲ្យកសិករមានជីវភាពធូធារជាងមុនជាលំដាប់ មិនដូចពួកបក្សប្រឆាំងបានត្រឹមតែដើរញុះញង់ប្រជាពលរដ្ឋឈ្លោះគ្នាក្នុងមូលដ្ឋាននិងឲ្យស្អប់រាជរដ្ឋាភិបាល ហើយបានក្បត់ជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋជាម្ចាស់ឆ្នោតខ្លួនទៀត៕