(រតនគិរី)៖ សមាជិកក្រុមប្រឹក្សាឃុំបាតាង​ ១នាក់ និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានរំលាយថ្មីនេះចំនួន១៥០នាក់​ នៅក្នុងឃុំបាតាង​ ស្រុកលំផាត់​ ខេត្តរតនគិរី​ នាថ្ងៃសៅរ៍ ១៥រោច ខែកក្តិក ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ​ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ក្រោយមើលឃើញពីទង្វើក្បត់ជាតិរបស់មេបក្សខ្លួន​។

តំណាងសកម្មជន​ និងសមាជិកអតីតបក្សសង្គ្រោះជាតិ​ បានថ្លែងថា​ មូលហេតុដែលនាំឲ្យពួកគាត់សម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា​ ដោយសារតែពួកគាត់បានមើលឃើញពីទង្វើក្បត់ជាតិរបស់មេដឹកនាំ​បក្ស​ គឺលោក​ កឹម​ សុខា​ មានគោលនយោបាយបម្រើបរទេស​ បំបែកបំបាក់ផ្ទៃក្នុងប្រទេស​ បង្កអសន្តិសុខដល់ប្រទេស​ជាតិ និងប្រជាជន​។​

អតីតបក្សសង្គ្រោះជាតិបន្តថា​ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍជូនប្រទេសជាតិពិតប្រាកដ​។​ តំណាងអតីតសមាជិកបក្សសង្គ្រោះជាតិ​ បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ និងគាំទ្រសម្តេចតេជោ​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី​ ដើម្បីបន្តសន្តិភាព​ និងការអភិវឌ្ឍឥតឈប់ឈរដែលកម្ពុជាកំពុងតែវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ​។

លោក​ មួង​ ប៉យ​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ សម្តែងការស្វាគមន៍ដ៏រីករាយជាទីបំផុតជាមួយអតីតសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ​ ក្នុងការចូលរួមជីវភាពនយោបាយជាមួយណបក្សប្រជាជនកម្ពុជា។​

លោកបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់​ និងមានចរិតនយោបាយចាស់ទុំ​ និងបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជាយូរយាណាស់មកហើយ​ ហើយនាឱកាសនេះយើងនឹងបន្តរួមរស់ជាមួយគ្នាទៀត​ ដោយមិនគិតអំពីអតីតកាលនិន្នាការនយោបាយរបស់បងប្អូនឡើយ​ យើងនឹងរួមគ្នាអភិវឌ្ឍន៍មាតុភូមិយើងប្រកបដោយចីរភាព»

សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕

លោក​ មួង​ ប៉យ​ ក៏បានជម្រាបជូនអំពីផែនការបដិវត្តពណ៌របស់អតីតគណបក្សប្រឆាំង​ និងមូលហេតុដែលនាំឲ្យតុលាការកំពូលសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិជូនដល់សមាជិកបានជ្រាបផងដែរ​៕