(ហ្វីលីពីន)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទៅដោយលទ្ធផលល្អ ដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់ នៃប្រទេសជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook របស់សម្តេចបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំសំខាន់ៗទាំង២នោះ មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុត ដែលបានចុះហត្ថលេខា ដោយប្រមុខដឹកនាំអាស៊ាន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដើម្បីការការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាឲ្យនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានា ដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព»។

នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូល គឺប្រមុខដឹកនាំអាស៊ានទាំង១០ (Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore, Thailand និង Vietnam) បានឯកភាពគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារពលករចំណាកស្រុក (Agreement on the Protection of Migrant Workers’ Rights.) ដែលសព្វថ្ងៃនេះមានប្រមាណជាង១០លាននាក់នៅក្នុងប្រទេសតំបន់អាស៊ាន។ ចំពោះកិច្ចប្រជុំកំពូលអាស៊ានសម្រាប់ឆ្នាំ២០១៨ គឺនឹងរៀបចំដោយប្រទេសសិង្ហបូរី៕