(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈកំពុងជួបពិភាក្សាជាមួយលោក Frank Hoffer នាយកប្រតិបត្តិស្ថាប័នសកម្មភាពកិច្ចសហការការផ្លាស់ប្តូរ (ACT) នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសហការជាមួយដៃគូនានា ដើម្បីទាក់ទាញអ្នកទិញពាណិជ្ជសញ្ញាល្បីៗអន្តរជាតិ បង្កើនការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា។

ក្នុងកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរនូវព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាវឌ្ឍនភាពដែលបានវិវត្តន៍រីកចម្រើន នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ដោយផ្តោតលើទស្សនរួមគ្នា ក្នុងការធានាឱ្យមាននិរន្តរភាពខាងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរៀងៗខ្លួន ដែលយុទ្ធសាស្រ្តទាំងនោះសុទ្ធតែមានគោលដៅរួមគ្នា សំដៅធ្វើយ៉ាងណាឱ្យអ្នកបញ្ជាទិញពាណិជ្ជសញ្ញាល្បីៗអន្តរជាតិ នៅតែបន្តបង្កើនការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា អាស្រ័យដោយគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងអនុវត្ត បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការចង់បានរបស់ ACT អ្នកបញ្ជាទិញអន្តរជាតិ និងសហជីពពិភពលោក (IndustriALL Global Union)។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពង្រឹងភាពជាដៃគូរ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្អែកតាមមតិរបស់លោករដ្ឋមន្រ្តី ដែលលើកឡើងថា ភាពជោគជ័យរបស់យើងអាចសម្រេចទៅបាន លុះត្រាគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងប្រកបដោយន័យស្ថាបនា ដោយយើងប្រើប្រាស់យន្តការត្រីភាគី បូក បូក (Tripartite Mechanism ++)។

លោករដ្ឋមន្រ្តីបានផ្តល់គាំទ្រ និងលើកទឹកចិត្តដល់គម្រោងរបស់ ACT ដែលគ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការបស់ខ្លួននៅកម្ពុជា ក្នុងការបេ្តជ្ញាធានាថាការបញ្ជាទិញទំនិញពីកម្ពុជា ជួយសម្រួលដល់ការដោះស្រាយទូទាត់ប្រាក់ឈ្នួលសមរម្យ បង្កើតយន្តការនានា ភ្ជាប់ការអនុវត្តការបញ្ជាទិញទៅនឹងការចរចាអនុសញ្ញារួម ដើម្បីធ្វើឲ្យម្ចាស់សហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌនានា នៃកិច្ចសន្យាស្តីពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលបានឯកភាព។

ទន្ទឹមនឹងនេះ ACT នឹងធ្វើការជាមួយសហគ្រាសនានា ដើម្បីបង្កើត និងធ្វើឲ្យប្រសើរឡើងនូវស្តង់ដារ និងប្រព័ន្ធផលិតកម្ម ដូចជា ប្រសិទ្ធភាពធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងប្រាក់ឈ្នួល ជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងផ្នែកផលិតភាព និងទំនើបកម្មឧស្សាហកម្ម ដែលមានការទទួលស្គាល់ថា សុវត្ថិភាពអាជីវកម្ម និងការប្តេជ្ញាចិត្តរបស់ប្រទេសផលិត និងម្ចាស់សហគ្រាសនានា គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការទូរទាត់ប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា ACT គឺជាកិច្ចព្រមព្រៀងបង្កើតថ្មីមួយរវាងពាណិជ្ជសញ្ញាផលិតផលអន្តរជាតិ និងអាជីវករលក់រាយ និងសហជីពពាណិជ្ជកម្ម ដើម្បីផ្លាស់ប្តូរឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ និងដើម្បីសម្រេចបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ-កម្មការិនី តាមរយៈការចរចារអនុសញ្ញារួមក្នុងវិស័យឧស្សាហកម្មទំាងមូល ភ្ជាប់ទៅនឹងការអនុវត្តការបញ្ជាទិញ៕