(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តបរាជ័យដោយលទ្ធផល ១-០ ទៀតដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ការបរាជ័យលើកទី២ ក្រោយចាញ់ ៧-០ នៅទឹកដីហ្សកដានី បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា អស់សិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអារ៉ាប់រួម នាឆ្នាំ២០១៩ ហើយ ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ច ប៉ះអាហ្វាហ្គានីស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ។

១គ្រាប់ជ័យជំនះទទួលបាន ៣ពិន្ទុរបស់ហ្សកដានី ធ្វើបានសម្រេចដោយកីឡាករពាក់ស្លាកលេខ៧ Munther Abu Amarah នៅនាទីទី ដើម្បីបន្តឈរនៅកំពូលតារាងនៃពូល C យ៉ាងរឹងមាំមាន ១១ពិន្ទុ តាមពីក្រោយដោយវៀតណាម ដែលកំពុងប្រកួតទល់នឹងក្រុមភ្ញៀវអាហ្វាហ្គានីស្ថានផងដែរនោះ។

សូមបញ្ជាក់ផងដែរថា នេះជាការបរាជ័យលើកទី៣ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ប្រាក់ សុវណ្ណារ៉ា ដែលចូលដឹកនាំ ក្រុមគោព្រៃបណ្តោះអាសន្ន ជំនួសកៅអីលោក Leonardo Vitorino កាលពីខែមុន ដោយចាញ់ក្រុម African All Stars ២-១ និងចាញ់មីយ៉ាន់ម៉ា ២-១ ក្នុងមិត្តភាព មុនមកចាញ់ហ្សកដានី ១-០ យប់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ៕