(​កំពង់ធំ​)៖ លោក សុខ លូ អភិបាល​ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ​ និងដាក់ផែនការយ៉ាងតឹងរឹង ដល់ក្រុមការងារប្រចាំការ​គ្រប់គ្រង់សភាពការណ៍ សន្តិសុខ សណ្តាប់សង្គម ដើម្បីក្តាប់ និងប្រមូលផ្តុំព័ត៌មាន សភាពការណ៍ នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ និងអនុវត្តន៍​ចាត់វិធានការតាមច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត គ្រប់សកម្មភាពប្រមូលផ្តុំកម្លាំង បង្ក​ចលនាបាតុកម្មទាមទារ តវ៉ានានា ក្នុងចេតនាធ្វើឲ្យមានអសន្តិសុខ អស្ថេរភាពនយោបាយ បាត់បងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។

លោកអភិបាលខេត្តកំពង់ធំ ក៏បានដាក់ផែនការដល់ អភិបាលក្រុង ស្រុក ត្រូវគ្រប់គ្រង់សភាពការណ៍នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ នៅតាមមូលដ្ឋាន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការញ៉ុះញុង មេក្លោងខិលខូច ដោយយកលែសផ្សេងៗ ដើម្បីប្រមូលផ្តុំ តវ៉ា បង្ក​អសន្តិសុខសង្គមផងដែរ​។

ក្នុងកិច្ចប្រជុំនេះដែរលោក សុខ លូ បានលើកឡើងថា «សូមក្រុមការងារទំាងអស់ ត្រូវយកចិត្តទុកដាក់ សហការតាមដានសភាពការណ៍ សកម្មភាពបទល្មើសនានា ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងការបង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយរាយការណ៍សុំ យោបល់ដឹកនាំពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្តគោលការណ៍ ផែនការសកម្មភាព និងសេចក្តីសម្រេចនានា របស់គណៈបញ្ជាការឯកភាព និងធ្វើសេចក្តីរាយការណ៍ជូនគណៈបញ្ជាការឯកភាព ដើម្បីបន្តដឹកនាំឲ្យ មានប្រសិទ្ធភាព ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ឬរបាយការណ៍ រឿងហេតុជាក់លាក់ ជូនគណៈបញ្ជាការឯកភាព ដើម្បីរាយការណ៍បន្តជូនក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងផ្តល់អនុសាសន៍ដឹកនាំឲ្យទាន់ពេលវេលា»។

លោកបន្ថែមទៀតថា រាល់កម្លំាងទាំងអស់ ត្រូវមានការទទួលខុសត្រូវតាមវេណប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅរដ្ឋបាលខេត្តកំពង់ធំ ហើយវេនប្រចាំការនេះ ត្រូវអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់មានការសម្រេចជាថ្មី ដោយចាប់ផ្តើមពីវេណប្រចាំការទី១ ដល់វេណទីប្រចាំការ៥ មានលក្ខណៈវិលជុំ ដោយកន្លែងប្រចាំការនេះ ស្ថិតនៅទីតាំងជំនួយការគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តកំពង់ធំ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ត្រូវមានទំនាក់ទំនង់ឲ្យបានល្អ ជាមួយខេត្តជាប់ព្រុំប្រទល់នឹង​ខេត្តកំពង់ធំ ចៀសវាងការប្រមូលផ្តុំកម្លាំងមក​តវ៉ា នៅខេត្ត ដើម្បីបង្ក​​អសន្តិសុខដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍មកក្រសួងមហាផ្ទៃ»